(នេហ្សេរីយ៉ា)៖ ​មនុស្សយ៉ាងហោចណាស់ ៥៦នាក់បានស្លាប់បាត់បង់ជីវិត ខណៈ១៧៧នាក់ផ្សេងទៀត​បានទទួល​រងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែល ស្រ្តីចំនួនពីរនាក់បង្កៃដោយគ្រាប់បែកអត្តឃាត បានបំផ្ទុះខ្លួន​ពួកគេឡើងនៅក្រុង Madagali ដែលស្ថិតនៅភាគឦសាននៃប្រទេសនីហ្សេរីយ៉ា៕ នេះបើតាមសម្តីអ្នក​នាំពាក្យយោធានីហ្សេរីយ៉ា ដែលចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ​ ឆ្នាំ២០១៦។

លោក Yusuf Muhammed អភិបាលក្រុង Madagali បានឲ្យដឹងថាបើយោង​តាមសេចក្តីរាយការណ៍​ចុងក្រោយបំផុតមនុស្សចំនួន ៥៦នាក់ត្រូវបានសម្លាប់​ដោយសារការបំផ្ទុះគ្រាប់បែក​អត្តឃាតនេះ ហើយវា​បានបណ្តាលឲ្យមនុស្ស ១៧៧នាក់ផ្សេងទៀត​បានទទួល​រងរបួស ខណៈអ្នករងគ្រោះចំនួនយ៉ាងហោចណាស់​ចំនួន ៥៧នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង​ដែលកំពុងគំរាមកំហែងដល់​អាយុជីវិតរបស់​ពួកគេត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​នៅក្បែរនោះ ដើម្បីសង្រ្គោះជាបន្ទាន់ហើយ។

គួរបញ្ជាក់ដែរថាការបំផ្ទុះគ្រាប់បែកអត្តឃាតទាំងពីរខាងលើ បានកើតឡើងព្រមគ្នាក្នុងពេលតែមួយនៅក្នុង​ផ្សារលក់បន្លែមួយកន្លែង​នៃក្រុង Madigali ហើយហេតុការណ៍ដ៏រន្ធត់នេះ​បានធ្វើឲ្យអ្នកទិញ និងអ្នកលក់ដូរ​ដទៃទៀតដែលមានសំណាងល្អ​មិនបានរងគ្រោះនឹងគេនោះ បាននាំគ្នារត់យ៉ាងប្រសាច​ទៅរកទីសុវត្ថិភាព។

ចំពោះការវាយប្រហារនេះដែរ ត្រូវអាជ្ញាធរសង្ស័យថាអាចជាទង្វើរបស់​ក្រុមជ្រុលនិយម Boko Haram ដែលបានចាប់ផ្តើមបើកកា​រ​វាយលុកទ្រង់ទ្រាយធំ នៅភាគឦសានប្រទេសនីហ្សេរីយ៉ា​តាំងពីឆ្នាំ​២០០៩ មក ខណៈកាលពីឆ្នាំ២០១៥ ពួកនេះបានពង្រីកការវាយប្រហារ​របស់ខ្លួនទៅកាន់ប្រទេសក្បែរខាង​ទៀតផង ហើយក្រុមជ្រុលនិយម Boko Haram នេះក៏ជាអ្នកគាំទ្រ ពួកសកម្មប្រយុទ្ធ​រដ្ឋអ៉ីស្លាម ISIS ផងដែរ៕