(​អាហ្វហ្គានីស្ថាន)៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក អាស្ដុន ខាតធើ (Ashton Carter) ​បានបំពេញដំណើរទស្សនកិច្ចឥតព្រាង​ទុកទៅកាន់ប្រទេស​អាហ្វហ្គានីស្ថាន នៅថ្ងៃសុក្រនេះ​ស្របពេល​សំណួរជាច្រើនកំពុងត្រូវបានគេចោទសួរ ជុំវិញ​គោលនយោបាយការបរទេស​នៃអានាគតប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រំា ចំពោះប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ​ដែលកំពុងធ្វើសង្រ្គាមប្រយុទ្ធ​ប្រឆាំង​នឹងក្រុមឧទ្ទាមតាលីបង់។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

លោក ខាតធើ គ្រោងនឹងជួបសំណេះសំណាល​ជាមួយយោធាអាមេរិក ព្រមទាំងប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) ហើយដែលដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅក្នុងបរិបទ​នៃភាព​ច្បាស់លាស់នៃគោល​នយោបាយ​ការបទេស​អាមេរិក​របស់​លោក ត្រំា ចំពោះប្រទេស​អាហ្វហ្គានីស្ថាន ជាទីដែលកងទ័ព​អាមេរិកប្រមាណ ១០,០០០នាក់​កំពុងឈរជើង។
ជាក់ស្ដែងនៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ត្រាំ ធ្លាប់បានបង្ហាញពីគោលបំណងចង់ដក​កងទ័ពអាមេរិក​ពីអាហ្វហ្គានីស្ថាន​ម្ដងរួចមកហើយ។ ក៏ប៉ុន្តែយ៉ាងណា​សម្រាប់ក្រុមអ្នក​ជំនាញ​ប្រធានាធិបតី​អាមេរិក​ថ្មីរូបនេះអាចនឹងបន្តទុក​វត្តមាន​កងទ័ពអាមេរិក​​នៅអាហ្វហ្គានីស្ថាន ដើម្បីរក្សាឥទ្ធិពលអាមេរិកនៅ​មជ្ឈិមបូព៌ាតែអ្វីដែលសំខាន់នោះគឺថា ទីក្រុងវ៉ាស៊ីនតោន​ត្រូវគិតអំពីចំនួន​ទ័ពដែលនឹង​រក្សាទុកនៅក្នុង ប្រទេសមួយនេះ។

គួរបញ្ជាក់ថា​ប្រឈមមុខនឹងការវាយលុកពីក្រុម​ឧទ្ទាមតាលីបង់ យោធាអាហ្វហ្គានីស្ថានហាក់ដូចជានៅ​ទន់ខ្សោយដោយតំបន់មួយចំនួន​កំពុងរងសម្ពាធយ៉ាងខ្លំាង​ ពីក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយបើគិតត្រឹម​រយៈពេល ០៨ខែដំបូងនៃឆ្នំា២០១៦ កងកម្លំាងអាហ្វហ្គានីស្ថាន ៥,៥០០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់៕