(សេអ៊ូល)៖ នៅទីបំផុតសភាកូរ៉េខាងត្បូងបានបោះឆ្នោតសម្រេចហើយនៅថ្ងៃសុក្រនេះ លើសំណើ​ដំណើរការ​នីតិវិធីទម្លាក់ប្រធានាធិបតីលោកស្រី ផាក គឺនហេ ពីតំណែងបន្ទាប់ពីលោកស្រី បានធ្លាក់ចូលរណ្ដៅរឿង​អាស្រូវ​ពុករលួយ​នយោបាយពាក់ព័ន្ធនឹងស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ស្និទ្ធស្នាលម្នាក់របស់ លោកស្រី និងកំពុងជាប់ក្នុងរឿងក្ដីក្ដំាពុករលួយ ក៏ដូចជាការប្រើឈ្មោះប្រធានាធិបតីលូកដៃចូលក្នុងកិច្ចការ​របស់រដ្ឋ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច​ ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នារសៀល ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងកិច្ចប្រជុំសភាពេញអង្គនៃរដ្ឋសភាកូរ៉េខាងត្បូង បានយល់ព្រមបោះឆ្នោត​​គាំទ្រឱ្យលោកស្រី ផាក ចុះចេញពីមុខតំណែងក្នុងសំឡេង ២៣៤ នៃតំណាងរាស្ត្រសរុប ៣០០។ ដូច្នេះវាមានន័យថា លោកស្រី​នឹងត្រូវគេទម្លាក់​ចេញពីមុខតំណែងជាផ្លូវការ​នៅក្រោយពេល​តុលាការធម្មនុញ្ញ ផ្ដល់សុពលភាព លើការបោះឆ្នោតលើនីតិវិធីនេះ​យ៉ាងយូររយៈពេល ១៨០ថ្ងៃ។

គួរបញ្ជាក់ថារឿងអាស្រូវនៃស្ត្រី ឆយ ស៊ូនស៊ីល បានផ្ទុះឡើងកាលពីខែតុលា កន្លងទៅហើយវាបានធ្វើ​ឱ្យជីវិតនយោបាយ របស់លោកស្រី ផាក រង្គោះរង្គើខ្លាំងបំផុតរហូតដល់ផ្ទុះបាតុកម្មតវ៉ាទូទាំងប្រទេស បើទោះជាលោកស្រី​បានសម្ដែងការសោកស្ដាយ និងសូមទោសជាច្រើនដងក៏ដោយ៕