(ស៊ីដនី)៖ បុរសពីររូបដែល​បានរៀបចំផែនការបំផ្ទុះគ្រាប់បែក នៅព្រះវិហារនៃជនជាតិអ៉ីស្លាម​មួយកន្លែង​ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ក្នុងគោលបំណងទាក់​ទាញចំណាប់​អារម្មណ៍​របស់អ្នកជ្រើសរើសមនុស្សឲ្យ​ចូលក្រុមសកម្មប្រយុទ្ធរដ្ឋអ៉ីស្លាម ISIS នោះត្រូវបានតុលាការ​ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ​យ៉ាងហោច​ណាស់ចំនួន១៥ឆ្នាំ។ នេះបើតាមសេចក្តីរាយការណ៍របស់​ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា​រសៀលថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងថា ជនឈ្មោះ Omar Al-Kutobi វ័យ ២៥ឆ្នាំរួមនិងជនម្នាក់ទៀតឈ្មោះ Mohammad Kiad វ័យ ២៧ឆ្នាំ​បានទទួលសារភាពកំហុសចំពោះ​ការរៀបចំសម្រាប់បើក​ការវាយ​ប្រហារ​​ដោយអំពើភេរវកម្ម​នៅឯព្រះវិហារមួយកន្លែង​ស្ថិត​នៅជាយក្រុង Guildford ភាគខាងលិចប្រទេសអូស្រ្តាលី ប៉ុន្តែបានបរាជ័យដោយមិនអាចអនុវត្តន៍គំរោង​ដ៏ខ្មៅងងឹតកាល​ពីឆ្នាំមុននេះបាន។

តុលាការកំពូលអូស្ត្រាលី​បានសម្រេចកាត់ទោសបុរសទាំងពីរនាក់នេះ ឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ និងគ្មានការដោះលែងដោយមានលក្ខខណ្ឌមុនកំណត់​ក្នុងរយៈពេល ១៥ឆ្នាំ ដោយសម្អាងថាពួកគេ​ទាំងពីរ​នាក់ចូលរួមពាក់ព័ន្ធគំរោងខាងលើនេះស្មើគ្នា ដែលមិនលើសមិនខ្វះជាងគ្នានោះឡើយ។

គួរបញ្ជាក់ថាជនដៃដល់មួយគូនេះ​ត្រូវបានចាប់ខ្លួន ខណៈពេលនៅក្នុងផ្ទះល្វែងមួយខ្នង​ស្ថិតនៅភាគខាង​លិចប្រទេសអូស្រ្តាលី ដោយកម្លាំងប៉ូលិសប្រឆាំង​អំពើភេរវកម្ម កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ហើយនៅពេល​នេះក្រុមប៉ូលិស​បានរកឃើញ​វត្ថុតាងមួយចំនួន រួមមានកាំបិត​សម្រាប់ធ្វើការប្រមាញ់, កាំបិតផ្លែវែងសម្រាប់​​ឆ្កាព្រៃ, និងទង់ពួករដ្ឋអ៉ីស្លាម (ISIS) ដែលធ្វើឡើងដោយខ្លួនឯងទៀតផង៕