(ព្យុងយ៉ាង)៖ ជំទាវទី១ និងជាភរិយាមេដឹកនាំលេខមួយគ្មានពីរ នៃរបបដឹកនាំក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន គឺលោកស្រី រី សូលជូ (Ri Sol Ju) បានបង្ហាញខ្លួនជាសារធាណៈ​ឡើងវិញហើយ​ក្នុង​ការចូលរួម​ទស្សនាការហ្វឹកហ្វឺនរបស់កងទ័ពអាកាស កូរ៉េខាងជើងកាលពីថ្ងៃទី០៤ ខែធ្នូ នៅបន្ទាប់ពីបានបាត់មុខអស់​រយៈពេលជាច្រើនខែកន្លងមកនេះ។ នេះបើតាមស្ថានីយ៍​ទូរទស្សន៍រដ្ឋកូរ៉េខាង​ជើង KCNA​​ ដែលដកស្រង់​ដោយសារព័ត៌មាន Sputnik​​ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។​

នេះគឺជាលើកដំបូងបំផុតដែលលោកស្រី រី សូលជូ បង្ហាញខ្លួនជាសាធារណៈក្រោយអវត្តមានអស់​រយៈពេល​៩ខែ។ លោកស្រីត្រូវបានគេឃើញជាលើកចុងក្រោយ នៅក្នុងឱកាសចូលរួមពិធីមួយ​ជាមួយ​ស្វាមី កាលពីថ្ងៃទី២៨ ខែមីនា ខណៈអវត្តមានរបស់លោកស្រី សូលជូ ត្រូវបានពាក្យ​ចរចាមអារ៉ាមជាច្រើន​លើកឡើងថាលោកស្រីអាចមានផ្ទៃពោះ ឬក៏មានជម្លោះជាមួយលោក គីម ជុងអ៊ុន។

ប៉ុន្តែយ៉ាងណាក៏ដោយបើធៀបទៅនឹងជីតា (លោក គីម អ៊ីលស៊ុង) និងឪពុក(លោក គីម ជុងអ៊ីល) លោក គីម ជុង អ៊ុន និងលោកស្រី រី សូលជូ បានបង្ហាញមុខនៅតាមទីសាធារណៈ​ច្រើនជាងអតីតមេដឹកនាំកូរ៉េខាងជើង​ទំាងពីររូបជំនាន់មុន ដែលតែតែងបានលាក់ភរិយារបស់ខ្លួន ឱ្យនៅឆ្ងាយពីក្រខែ្សភ្នែក​សាធារណៈជន៕​