(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះ​មហន្តរាយរញ្ជួយដីដ៏មហាប្រល័យមួយមានកំរិត ៦​.៥រ៉ិចទ័រដែលបានវាយប្រហារខេត្ត អាសេ (Aceh) ភាគខាងជើងកោះសូម៉ាត្រានៃ​ប្រទេសឥណ្ឌូណេស៊ី​កាលពីព្រឹកថ្ងៃពុធម្សិលមិញ បានកើនឡើងដល់​១០២នាក់ហើយ ខណៈមនុស្សជាង ៧០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia​​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

គ្រោះរញ្ជួយដីខាងលើ បានកើតឡើងនៅចម្ងាយប្រមាណជា ១០គីឡូម៉ែត្រ ពីឆ្នេរភាគឦសាននៃខេត្ត Aceh នាវេលាម៉ោង ៥៖០៣នាទី (ម៉ោងក្នុងទីក្រុងហ្សាការតា) ប៉ុន្តែពុំមានសេចក្តីប្រកាស​ពីរលកយក្ស​ស៊ូណាមិ នោះទេស្រប​ពេលទាហាន ១,០០០នាក់ និងប៉ូលិស ៩០០នាក់បាននិង​កំពុងដុតដៃដុតជើង​ជួយសង្រ្គោះ ក៏ដូចជាស្វែងរកអ្នកមានជីវិត​អាចជាប់នៅក្រោមគំនរអាគារបាក់បែក។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីតែងតែជួបប្រទះគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើងជាញឹកញាប់​ដោយសារតែទីតាំង​ភូមិសាស្រ្តរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏ពិសេសដែលគេហៅថា «The Pacific Ring of Fire»។ តួយ៉ាងកាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រដ៏សាហាវមួយ​បានបង្កជា​រលកយក្សស៊ូណាមិ​ដែលបានវាយប្រហារទៅលើបណ្តាប្រទេស​ដែលស្ថិត​នៅជុំវិញមហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ី​គឺជាចំណុចដែលបានទទួល​រងគ្រោះធ្ងន់ធ្ងរ​​ជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមានចំនួនអ្នកស្លាប់​មិនតិចជាង ១២០,០០០នាក់ឡើយ៕