(អាមេរិក)៖ ក្រុមអវកាសយានិកដែលទៅបំពេញបេសក​កម្មនៅទីអវកាស​ដ៏សែនឆ្ងាយ ចាំបាច់ត្រូវតែចេះ​ធ្វើ​យ៉ាង​ណា​ឲ្យបរិមាណ​នៃធនធានសំខាន់ៗ​នានា និងយានអវកាសមាន​តុល្យភាព​នឹងគ្នា ដើម្បីឲ្យការធ្វើដំណើរ​របស់​ពួកអាចឈាន​ទៅកាន់ដល់គោលដៅបានយ៉ាងឆាប់រហ័ស​តាមតែអាចទៅរួច ដូច្នេះហើយនៅពេល​​ដែលនិយាយពី​បញ្ហាស្បៀងអាហារវិញ គំរោងការណ៍​គឺគេនឹងត្រឡប់ទៅ ធ្វើការដាំដុះនូវអ្វី​ដែលគេ​បរិភោគ​នៅ​ក្នុង​លំហរអាកាសតែម្តង ហើយខណៈពេលនេះ «បន្លែសាលាដ» ហាក់ដូចជាអាច​ដាក់បញ្ចូលទៅក្នុង​បញ្ជីរាយ​មុខម្ហូបសម្រាប់​ក្រុមអវកាសយានិក​បានហើយ។ នេះបើតាមការចេញផ្សាយ​ដោយ​គេហទំព័រស្តីពី​វិទ្យាសាស្រ្ត Inverse នៅមុននេះ​បន្តិចនារសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) លោក Shane Kimbrough ដែលមានតួនាទីទទួល​ខុសត្រូវលើគំរោង​នៃការពិសោធន៍​ឈ្មោះថា Veggie កំពុងតែសម្រេចបាន​សមិទ្ធផល​យ៉ាង​ល្អប្រសើរ ដោយនាពេល​ថ្មីៗនេះលោក Kimbrough  ទើបតែបានធ្វើការប្រមូល​ផលជា​លើក​ដំបូងនូវ «បន្លែសាលាដ» ដែលដាំដុះ​ឡើងដោយផ្ទាល់​នៅក្នុងស្ថានីយ​អវកាសអន្តរជាតិ (ISS) និងអាចបរិភោគ​បានជាធម្មតា។

គួរបញ្ជាក់ថានេះគឺជាដំណឹង​ដ៏ល្អបំផុតមួយ​សម្រាប់​គោលបំណង ដែលចង់បង្កើតប្រភព​ស្បៀងអាហារ​​ប្រកបដោយ​និរន្តរភាពមួយ ដើម្បីបញ្ជូនទៅកាន់​ភពដទៃៗ​ទៀត​ ដូចជាភពអង្គារជាដើម ខណៈ​រុក្ខជាតិ​​សាលាដនេះ គឺបន្លែមួយប្រភេទ​​ដែលមានសារៈ​ប្រយោជន៍​ច្រើន ហើយនៅក្នុងដំណាក់កាលបន្ទាប់​​របស់គំរោង​នៃការធ្វើពិសោធន៍ Veggie ឬរុក្ខជាតិបន្លែ​ទំនង​ជា​នឹងត្រូវប្រើប្រាស់​ប្រព័ន្ធក​សិ​កម្ម​នៅទីអវកាសប្រភេទ​ថ្មីបំផុត ដែលមានសមត្ថភាពក្នុងការផ្តល់​ផល​បានច្រើន និងប្រសើរជាងមុន៕