(រ៉ូម)៖ ប្រធានាធិបតីអ៉ីតាលី លោក សឺជីអូ ម៉ាតារ៉ែលឡា (Sergio Mattarella) បានឱ្យដឹងថានាយករដ្ឋមន្ត្រី លោក ម៉ាតេអូ រ៉េនហ្ស៊ី (Matteo Renzi) នឹងលាលែងពីមុខតំណែង​នៅក្រោយពេលកញ្ចប់​ថវិកាជាតិ​ សម្រាប់ឆ្នាំ២០១៧ ត្រូវបានអនុម័ត​ដោយសភា ​ដែល​គ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រ ខាងមុខនេះ​ឬក៏​នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារ​ព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

នៅក្រោយពេលលទ្ធផលបោះឆ្នោត​ប្រជាមតិកាល​ពីថ្ងៃអាទិត្យ បង្ហាញថាប្រជាជនអ៉ីតាលីភាគច្រើនជំទាស់​​នឹងគំរោងធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ លោក ម៉ាតេអូ រ៉េនហ្ស៊ី បានប្រកាសពីការលាលែង​ពីមុខតំណែង ដូចដែលលោកធ្លាប់បានសន្យា​​នៅក្នុងយុទ្ធនាការឃោសនា​របស់លោក។ នាយករដ្ឋមន្ត្រីអ៉ីតាលីរូបនេះ​ក៏បានធ្វើបទបង្ហាញ​ជាផ្លូវការហើយដែរ​នូវ​លិ​ខិតលាលែង នៅចំពោះមុខ​ប្រធានាធិបតី លោក សឺជីអូ ម៉ាតារ៉ែលឡា កាលពីថ្ងៃចន្ទ ម្សិលមិញ។ ដោយឡែកបើតាមលោក ម៉ាតារ៉ែលឡា លោក រ៉េនហ្ស៊ី នឹងលាលែងពីតំណែង​ជានាយករដ្ឋមន្ត្រីអ៉ីតាលី នៅបន្ទាប់ពីកញ្ចប់​ថវិការជាតិឆ្នាំ២០១៧ ត្រូវបានអនុម័ត។

គួររំលឹកថាគំរោងធ្វើវិសោធនកម្មរបស់លោក ម៉ាតេអូ រ៉េនហ្ស៊ី ដែលមានគោលដៅកាត់បន្ថយអំណាច​នៃ​ព្រឹទ្ធសភាជាន់ខ្ពស់​និងអាជ្ញាធរតំបន់​ត្រូវបាន​ប្រជាជនអ៉ីតាលី ៥៩.១% បោះឆ្នោតជំទាស់ រីឯ៤០% បានបោះឆ្នោតគាំទ្រ៕