(ប៉ារីស)៖ ដោយសារតែការសម្លឹងមើលឃើញពីការធ្លាក់ចុះប្រជាប្រិយភាពជាក់ស្តែងនោះ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតីបារាំងបច្ចុប្បន្នបានសម្រេចចិត្តថា លោកនឹងមិនចូលរួមឈរឈ្មោះ និងឃោសនា​ស្វែងរកសំឡេងឆ្នោតនៅអាណត្តិទីពីរទៀតឡើយនៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមការចេញ​ផ្សាយនៅមុននេះបន្តិច​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

លោក ហូឡង់ បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃនេះ ខ្ញុំសូមបង្ហាញចេញនូវការព្រួយបារម្ភអំពីវិបត្តិនានា ដែលនឹងធ្វើឲ្យរអាក់រអួលដល់ដំណើរការ ហើយខ្ញុំនឹងមិនទទួលបាន ការគាំទ្រគ្រប់គ្រាន់នោះឡើយ។ ដូច្នេះ​ខ្ញុំបានសម្រេចចិត្តថានឹងមិនឈរឈ្មោះជា​បេក្ខភាពប្រធានាធិបតី​សម្រាប់ការបោះឆ្នោតខាងមុខនេះឡើយ។ ខ្ញុំធ្វើដូច្នេះគឺជាការទទួលខុសត្រូវទាំងអស់របស់ខ្ញុំ ហើយក៏សូមអំពាវនាវឲ្យមានការធ្វើដំណើរការបោះឆ្នោត​ប្រកបដោយភាពរលូនផងដែរ ដោយយើងមិនត្រូវគិតពីបុគ្គលមួយរូបនោះទេ គឺត្រូវគិតពីប្រទេសទាំងមូល។ ខ្ញុំមិនចង់ឲ្យប្រទេសបារាំងយកខ្លួនទៅប្រឈមមុខ នឹងការផ្សងព្រេងដ៏គ្រោះថ្នាក់នោះឡើយ»

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក ហូឡង់ ពេលនេះគឺជារឿងដំបូងហើយសម្រាប់ប្រទេសបារាំង ខណៈប្រធានាធិបតីកំពុងតែកាន់អំណាចក្នុងអាណត្តិដំបូង បែរជាមានការធ្លាក់ចុះនូវប្រជាប្រិយភាព​ហើយ​ក៏សម្រេចមិនចូលរួមប្រកួតនាអាណត្តិក្រោយតែម្តង ទាំងមិនទាន់ធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រ។ សម្រាប់ការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីនៅបារាំង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឬ ក៏ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដែលអតីតប្រធានាធិបតីលោក នីកូឡាស សាកូស៊ី ដែលគ្របដណ្តប់ដោយ​រឿង​អាស្រូវនោះ ក៏នឹងចូលរួមប្រកួតប្រជែងផងដែរ៕