(ប៉េកាំង)៖ ដូចអ្វីដែលក្រុមអ្នកជំនាញរំពឹងទុក បើទោះជាចិនយល់ព្រមជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងការអនុម័តលើដំណោះស្រាយ ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង ចំពោះការបាញ់សាកល្បង អាវុធនុយក្លេអ៊ែ ជាលើកទី៥កាលពីខែកញ្ញាក៏ដោយ ក៏ប៉ុន្តែទីក្រុងប៉េកាំង នៅតែទុកផ្លូវដើរ ឱ្យប្រទេសកុម្មុយនីស្ដឯកោមួយនេះ។ ជាក់ស្ដែងក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះមិនមានគោលដៅបំផ្លាញទំនាក់ទំនង ពាណិជ្ជកម្មធម្មតា ជាមួយកូរ៉េខាងជើង ឬក៏ធ្វើឱ្យប៉ះពាល់ដល់ជនស៊ីវិលនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

សមាជិកក្រុមប្រឹក្សាសន្តិសុខទំាង១៥ប្រទេស រួមមានទំាងចិន ដែលជាខ្នងបង្អែករបស់របបដឹកនាំលោក គីម ជុងអ៊ុន បានសម្រេចជាឯកច្ឆ័នអនុម័ត លើដំណោះស្រាយដាក់ទណ្ឌកម្មលេខ ២៣២១ ប្រឆំាងនឹងកូរ៉េខាងជើង កាលពីថ្ងៃពុធ ហើយការដែលចិនធ្វើបែបនេះ អាចមកពីចិនចង់ផ្ដល់មេរៀនខ្លះដល់ កូរ៉េខាងជើង ដែលចេះតែបង្ករឿងនៅក្នុងតំបន់ តាមរយៈការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែ ជាបន្តបន្ទាប់ រហូតដល់សហរដ្ឋអាមេរិក មានលេសដាក់ពង្រាយ ប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ ដោយឡែកជុំវិញការដាក់ទណ្ឌកម្មនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានថ្លែងថា «ចិនបានអនុវត្តដោយការទទួលខុសត្រូវ រាល់ដំណោះស្រាយ អង្គការសហប្រជាជាតិ ហើយការដាក់ទណ្ឌកម្មនេះមិនមែនមានន័យថា បំផ្លាញទំនាក់ទំនង ពាណិជ្ជកម្មធម្មតា ជាមួយកូរ៉េខាងជើង ឬប៉ះពាល់ដល់ជនស៊ីវិលនោះទេ»

លោក Geng បន្ថែមថាភាគីទំាងអស់ គួរតែជៀសវាងសកម្មភាពទាំងឡាយ ធ្វើឱ្យស្ថានភាពកាន់តែច្របូកច្របល់ ដូចជាគំរោងដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ជាឧទាហរណ៍ស្រាប់។

គួរបញ្ជាក់ថា ដំណោះស្រាយលេខ២៣២១ នៃក្រុមប្រឹក្សាសន្តិសុខ UN គឺមានគោលដៅកាត់បន្ថយប្រាក់ចំណូល បានមកពីវិស័យនាំចេញរបស់កូរ៉េខាងជើង ដោយក្នុងមួយឆ្នាំ បើរាប់ទាំងការហាមឃាត់ការនាំចេញ ធ្យូងថ្ម នីកែល ទង់ដែង ជាដើម របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងខាតបង់ប្រាក់ចំណូលជាង៨០០លាន ក្នុងមួយឆ្នាំ ដែលនេះអាចជាផ្លូវមួយរាំងខ្ទប់ធនធាន កុំឱ្យកូរ៉េខាងជើង យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឈន៍មីស៊ីល និងអាវុធនុយក្លេអ៊ែ៕