(ស៊ីរី)៖ រដ្ឋាភិបាលស៊ីរី តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានហៅការលើកឡើងពីសំណាក់​ប្រធានាធិបតី តួកគី លោក អឺដូហ្គាន់ ដែលថាកងទ័ពតួកគីចូលទៅក្នុងទឹកដីស៊ីរី ដើម្បីបិទបញ្ចប់របបដឹកនាំ លោក អាស្សាដ នោះគឺ «ជាការឈ្លានពានទំាងស្រុង ក៏ដូចជាទទួលស្គាល់ថាខ្លួនឯងកំពុងឈ្លានពាន​ លើបូរណភាព​ដែនដីស៊ីរី»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថ្លែងការណ៍ក្រសួងការបរទេសស៊ីរី បានគូសបញ្ជាក់ថា «ការលើកឡើងរបស់លោក អឺដូហ្គាន់ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពានទឹកដីស៊ីរី ក៏ប៉ុន្តែក្ដីស្រមៃ និងមហិច្ឆតានេះ នឹងមិនអាចទទួល​បានលទ្ធផលអ្វីទាល់តែសោះ»

គួររំលឹកថាគិតចាប់ពីថ្ងៃទី២៤ ខែសីហាមក កងទ័ពតួកគី បានដឹកនាំប្រតិបត្តិការយោធានៅតំបន់ទន្លេ Euphrate នៃភាគជើងប្រទេសស៊ីរី ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងក្រុម ISIS ដោយបានដណ្ដើម​គ្រប់គ្រងទីក្រុង Jerablus ហើយបាន និងកំពុងបន្តការវាយលុយឆ្ពោះទៅភាគអាគ្នយ៍ នៃប្រទេសស៊ីរី ដែលលោក អឺដូហ្គាន់ ផ្ទាល់អះអាងថា លោកមានបំណងវាយបណ្ដេញក្រុមភេរវករ ចេញពីតំបន់ក្នុងទំហំ ៥,០០០ម៉ែត្រក្រឡា ដើម្បីបង្កើតតំបន់សន្តិសុខមួយសម្រាប់ជនភៀសខ្លួន៕