(បាងកក)៖ នៅមុននេះបន្តិច ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងមកដល់ទីក្រុងបាងកក នៃប្រទេសថៃហើយ ដើម្បីត្រៀមរៀបចំឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ តាមការសម្រេចរបស់រដ្ឋភាពថៃ​​ កាលពីដើម​សប្តាហ៍នេះឲ្យព្រះអង្គយាងត្រឡប់ជាបន្ទាន់ ពីប្រទេសអាល្លឺម៉ង់វិញដើម្បីរៀបចំពិធីឡើង​គ្រងរាជ្យសម្បត្តិ​ជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ដកស្រង់ដោយ Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុង កន នឹងជួបជាមួយប្រធានាសភាថៃ នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ អំឡុងពេលនៃពិធីបុណ្យតាមព្រះពុទ្ធសាសនារយៈពេល ៥០ថ្ងៃ ក្រោយពីព្រះបាទ ភូមិបុល អាឌុលយ៉ាដេត សោយទិវង្គត។ ព្រះមហាក្សត្រថ្មីអង្គនេះ នឹងទទួលយកការសម្រេចជាផ្លូវការរបស់អង្គសភាថៃ ក្នុងការគ្រងរាជ្យសម្បត្តិតែម្តង។

សម្រាប់ពិធីនៅល្ងាចថ្ងៃព្រហស្បតិ៍ នឹងមានការចូលរួមពីលោក ព្រេម ទិនស៊ូឡាណុន ជាមហាឧបរាជ និងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីចូលរួមចាត់ចែងកិច្ចការទាំងឡាយ និងការឡើងគ្រងរាជ្យ។

គួរបញ្ជាក់ថាយោងតាមមន្ត្រីយោធាថៃពីររូប ​ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន បានយាងពីប្រទេស​អាល្លឺម៉ង់មកដល់ទីក្រុងបាងកក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះនោះ បានអះអាងថាព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន បានយាងមកដល់មាតុប្រទេសដោយសុវត្ថិភាព៕