(ញូដេលី)៖ ឧទ្ធម្ភាគចក្រដឹកមន្ត្រីរដ្ឋាភិបាលឥណ្ឌា បានធ្លាក់នៅភាគខាងកើត​ប្រទេសក្នុងថ្ងៃពុធនេះ បានបណ្តាលឲ្យមន្ត្រីបីរូបបាត់បង់ជីវិត ខណៈព័ត៌មានភ្លាមៗបែបនេះ​គេនៅមិនទាន់អាចបញ្ជាក់​ពីមូលហេតុ​ដែល​បណ្តាលឲ្យឧទ្ធម្ភាគចក្រនោះធ្លាក់ ឬក៏អាចមានជនរងគ្រោះណា​បន្ថែមទៀតនោះ​ឡើយ។ នេះបើតាមការ​ចេញផ្សាយ​​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិនស៊ិនហួរ នារសៀល​ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្រាប់ព័ត៌មានលម្អិតនោះគឺមន្រ្តីទាំងបីរូបដែលបានបាត់បង់ជីវិត នៅក្នុងគ្រោះ​ថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅ​រដ្ឋ West Bengal ភាគខាងកើតប្រទេស​ឥណ្ឌានៅមុន​នេះ​បន្តិច គឺជាជាមន្រ្តីរបស់ក្រសួង​ការពារជាតិឥណ្ឌា ហើយ​មន្រ្តីយោធាម្នាក់ផ្សេងទៀត​ដែលរួមដំណើរនៅលើនោះ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើងចំពេលដែលឧទ្ធម្ភាគចក្រប្រភេទ Cheetah របស់កងទ័ពជើងគោកនៃប្រទេសឥណ្ឌា ដែលកំពុងធ្វើការហោះហើរហ្វឹក​ហ្វឺនប្រចាំ​ថ្ងៃនោះ បានរាបនឹងចុះចតនៅឯមូលដ្ឋានយោធា Sukhna ក្នុងរដ្ឋ West Bengal នាវេលាម៉ោងប្រមាណជា ១០៖៣០​នាទីព្រឹក (ម៉ោងក្នុងទីក្រុងញូដេលី) ហើយនៅក្រោយពេលធ្លាក់ភ្លាមៗ មន្រ្តីការពារជាតិជាន់ខ្ពស់​មួយរូបរួមនិងក្រុមជួយសង្រ្គោះ ក៏បានរួសរាន់ទៅ​កាន់កន្លែងកើតហេតុយ៉ាងឆាប់រហ័សបំផុត និងបានបញ្ជូនមន្រ្តីយោធាដែលនៅរស់រាន្ត​មានជីវិត ប៉ុន្តែបានរងរបួសធ្ងន់ធ្ងរ​ទៅកាន់មន្ទីរពេទ្យក្នុងតំបន់​ដើម្បីជួយសង្រ្គោះជាបន្ទាន់។

គួរបញ្ជាក់ដែរថាមូលដ្ឋានយោធា Sukhna គឺជារបស់កងអង្គភាពលេខ៣៣ របស់កងទ័ពជើងគោកនៃ​ប្រទេសឥណ្ឌា រីឯឧទ្ធម្ភាគចក្រដែលបានធ្លាក់ ជាកម្មសិទ្ធិ របស់កងទ័ពជើងអាកាសឥណ្ឌា​ហើយនាពេលនេះ​មន្រ្តីជំនាញ​កំពុងបើកស៊ើបអង្កេត​ទៅលើមូលហេតុ ដែលបានបង្កជាសោកនាដកម្មមួយនេះ៕