(បាងកក)៖ ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ដែលត្រូវបានតែងតាំងជាព្រះបុត្រាស្នងរាជ្យ តាំងពីទ្រង់​ទើបមានព្រះជន្ម១៨វស្សានោះ ពេលនេះបាន «យល់ព្រមទទួល ការយាងពីរដ្ឋសភា ឲ្យព្រះអង្គឡើងគ្រង​រាជ្យសម្បត្តិជាព្រះមហាក្សត្រថ្មី នៃប្រទេសថៃហើយ» ខណៈដែលព្រះអង្គក៏ទំនងជាកំពុងរៀបចំ​យាងត្រឡប់​ពីប្រទេសអាល្លឺម៉ង់ មកកាន់ប្រទេសថៃវិញផងដែរ, នេះបើតាមទីភ្នាក់​ងារព័ត៌មាន​ចិនស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច ដោយដកស្រង់សម្តីរបស់លោក ប្រាវិត វង់សូវ៉ាន់ ឧបនាយករដ្ឋមន្ត្រីថៃ នារសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននានា ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង់សូវ៉ាន់ បានឱ្យដឹងថា «ព្រះអង្គម្ចាស់ បានទទួលយកការយាងមកគ្រងរាជ្យសម្បត្តិ ហើយអី្វៗគ្រប់យ៉ាងបាននិង​កំពុងដំណើរការ​ទៅ​យ៉ាងល្អ ស្របតាមនីតិវិធីតែងតាំង»។ ព្រមពេលជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីថៃរូបនេះមិនបានបញ្ជាក់​ឡើយថា ទ្រង់ មហា វ៉ាចរ៉ាឡុងកន នឹងយាងមកកាន់ប្រទេសថៃវិញនៅពេលណានោះទេ ប៉ុន្តែសម្រាប់កាលកំណត់​កន្លងមកសម្រាប់ការឡើងគ្រងរាជ្យនោះ គឺនៅថ្ងៃទិ០១ ខែធ្នូ ខាងមុខនេះហើយ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្រ្តីបានដាក់បញ្ជូនព្រះនាមរបស់ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ទៅកាន់រដ្ឋសភាជាតិ កាលពីថ្ងៃអង្គារ បន្ទាប់ពីបានជំនុំគ្នាអស់មួយរយៈពេលខ្លីមក ហើយប្រធានរដ្ឋសភា​ជាតិថៃ​លោក Pornpetch Wichitcholchai បានប្រកាសថា ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ដែលត្រូវបានតែងតាំដោយ ព្រះបិតាជាព្រះរាជទាយាទនោះ នឹងត្រូវយាងឲ្យមកឡើងគ្រងរាជ្យសម្បត្តិ ប៉ុន្តែដោយ​សារ​តែទ្រង់ កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់នៅឡើយ ពិធីនៃការឡើងសោយរាជ្យមិនទាន់ត្រូវបានបញ្ជាក់ថា នៅពេលណាឲ្យប្រាកដនោះទេ៕