(ប៉េកាំង)៖ ប្រទេសចិនបានប្រាប់កោះតៃវ៉ាន់ថា «បិទមាត់ខ្លួនឯងឲ្យជិតទៅ» ហើយនៅឲ្យឆ្ងាយពីកិច្ចការ​ទាក់ទង​​នឹងរឿងរ៉ាវផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងបានព្រមានតៃវ៉ាន់ជាមុន មិនត្រូវធ្វើអ្វីប៉ះពាល់ដល់ស្ថិរភាព​របស់តំបន់ស្វយ័តមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្រោយពេលដែលសមាជិកសភាតៃវ៉ាន់ បានធ្វើការបញ្ចេញមតិយោបល់ពាក់ព័ន្ធទៅនឹងរឿងសមាជិក​សភាហុងកុងចំនួនពីររូបគឺលោក Baggio Leung និងអ្នកនាង Yau Wai-ching ដែលមានទំនោរចង់​ស្វែងរកឯករាជ្យភាពឲ្យហុងកុង ត្រូវបានរារាំងមិនឲ្យឡើងកាន់តំណែងនោះ អ្នកនាំពាក្យការិយាល័យកិច្ចការ​តៃវ៉ាន់របស់ប្រទេសចិន បានចោទថាសកម្មជនឯករាជ្យមកពីភាគីទាំងពីរ (ហុងកុង និងតៃវ៉ាន់) បាននិងកំពុងព្យាយាមបង្កចលាចលនៅក្នុងហុងកុង។

លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យខាងលើបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពាក្យសម្តី និងទង្វើរបស់សមាជិកសភាហុងកុងមិនទាន់ផ្លូវការទាំងពីររូបនោះ បានប្រាសចាកឆ្ងាយពីការ​យល់ឃើញជាសាធារណៈរបស់ប្រជាជនហុងកុង ប៉ុន្តែតៃវ៉ាន់បែរជាកាន់ជើងពួកគេទៅវិញ ដូច្នេះហើយយើង​សូមស្នើឲ្យភាគីតៃវ៉ាន់ឈប់និយាយរឿង​ឥតប្រយោជន៍ទាក់ទងនឹងបញ្ហាហុងកុងទៀត ឬចូលជ្រៀតជ្រែក​កិច្ចខិតខំប្រែងរបស់ហុងកុងក្នុងការពង្រឹងគោលនយោបាយ «ប្រព័ន្ធពីរ, ប្រទេសតែមួយ» ក៏ដូចជាធ្វើឲ្យ​ប៉ះពាល់ដល់វិបុលភាព និងស្ថិរភាពរបស់ហុងកុងទៀតឡើយ»

គួរបញ្ជាក់ដែរថា​ ទំនាក់ទំនងរវាងប្រទេសចិននិងកោះតៃវ៉ាន់ បានជួបប្រទះនឹងភាពល្អក់ខ្វល់ចាប់តាំងតែពី​ការ​បោះឆ្នោតជ្រើសរើសលោកស្រី Tsai Ing-wen នៃគណបក្សវិវឌ្ឍន៍ប្រជាធិបតេយ្យ ធ្វើជាប្រធានាធិបតី​របស់តៃវ៉ាន់ កាលពីខែមករា ឆ្នាំ២០១៦នេះមកម៉្លេះ៕