(វ៉ាស៊ីនតោន)៖ នៅទីបំផុតក្រុមរដ្ឋអ៊ីស្លាម ISIS បានចេញមុខទទួលខុសត្រូវ ទៅលើការវាយប្រហារ នៅឯ​សាកលវិទ្យាល័យរដ្ឋអូហៃយ៉ូ កាលពីដើមសប្តាហ៍នេះ ដែលបានបណ្ដាលឱ្យមនុស្ស ១១នាក់រងរបួស ដោយអះអាងថាជនល្មើសចាក់ឱ្យជនរងគ្រោះរបួស គឺជាសមាជិក នៃក្រុមរបស់ខ្លួន ខណៈក្រុមអ្នកស៊ើប​អង្កេត ក៏ជឿថាការវាយប្រហារនេះអាចមានទំនាក់ទំនងនឹងពួក ISIS ផងដែរ។ នេះបើតាមការចេញផ្សាយ​ដោយសារ CNN​ នៅព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមរយៈប្រព័ន្ធផ្សាព្វផ្សាយរបស់ខ្លួនឈ្មោះថា Amaq ក្រុម ISIS បាននិយាយថា «បុគ្គល (Abdul Razak Ali Artan) បានដឹកនាំប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹង ការអំពានាវឱ្យវាយប្រហារ​ដាក់គោលដៅលើ​ប្រជាជននៃបណ្ដាប្រទេស​ដែលបានចូលរួមជាមួយក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធានៅប្រទេស អ៊ីរ៉ាក់ និងស៊ីរី»។

គួរបញ្ជាក់ថា  Abdul Razak Ali Artan មានអាយុ១៨ឆ្នាំ គឺជាពលរដ្ឋអាមេរិក ដើមកំណើតសូម៉ាលី និងជា និស្សិតរៀននៅសាកលវិទ្យាល័យ រដ្ឋអូហៃយ៉ូ បានចាក់ឱ្យនិស្សិត១១ នាក់រងរបួសក្នុងនោះមានម្នាក់​របួសធ្ងន់ មុននឹងរូបគេត្រូវបានប៉ូលិសបាញ់សម្លាប់ ហើយបើតាមប្រព័ន្ធ ផ្សព្វផ្សាយអាមេរិក យុវជនរូបនេះបានបង្ហោះ សារជាច្រើនប្រឆាំងនឹងសហរដ្ឋអាមេរិក នៅលើ Facebook មុននឹងធ្វើសកម្មភាពវាយប្រហារ៕​