(ប៉េកាំង)៖ ខណៈពេលនេះក្រុមភ្នាក់ជួយសង្រ្គោះកំពុងតាមស្វែងរកមនុស្សចំនួន ២២នាក់ដែលកំពុង ជាប់ក្នុងអណ្តូងរ៉ែធ្យូងថ្មក្រោមដីមួយកន្លែង នៅភាគខាងឦសាននៃប្រទេសចិន។ នេះបើតាមការចេញ​ផ្សាយ​ដោយសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនផ្ទាល់ ហេតុការណ៍ខាងលើបានកើតឡើងនាវេលាម៉ោង​ប្រមាណជា ៩៖០០នាទីយប់ថ្ងៃអង្គារ ម្សិលមិញនេះក្នុងទីក្រុង Qitaihe នៃខេត្ត Heilongjiang ដែលជាតំបន់រុករករ៉ែធ្យូងថ្មដ៏ធំមួយនៅភាគឦសានប្រទេសចិន ហើយមន្រ្តីជំនាញកំពុងបើកការស៊ើប អង្កេតដើម្បីកំណត់ពីមូលហេតុ ដែលបានបង្កជាគ្រោះថ្នាក់នេះឡើង។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់អណ្តូងរ៉ែ នៅក្នុងប្រទេសចិនតែងតែកើតមានជារឿយៗ ហើយបើយោងតាម​រដ្ឋបាលត្រួតពិនិត្យសុវត្ថិភាពការងារវិញ កាលពីឆ្នាំ២០១៤ ចំនួនមនុស្សសរុបដល់ទៅ ៩៣១នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់អណ្តូងរ៉ែធ្យូងថ្ម។ ដោយឡែកហេតុការណ៍ផ្សេងទៀត​ គឺការបាក់រលំរោងចក្រអគ្គិសនី នៅខេត្តភាគខាងកើត កាលពីប៉ុន្មានថ្ងៃមុននេះ បានបណ្តាលឲ្យកម្មករ​រហូតដល់ ៧៤នាក់ឯណោះស្លាប់៕