(បាងកក)៖ ខណៈពេលនេះរដ្ឋសភាថៃ បានចាប់ផ្តើមដំណើរការតាមនីតិវិធី ដើម្បីសម្រេចធ្វើការយាង​ព្រះអង្គម្ចាស់ មហាវ៉ាចរ៉ាឡុងកន ឲ្យមកប្រទេសថៃវិញ ដើម្បីឡើងគ្រងរាជ្យសម្បត្តិ​ជាព្រះមហាក្សត្រថ្មី​ នៃព្រះរាជាណាចក្រថៃហើយ ក្រោយការ​ចូលទិវង្គតរបស់បិតាទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃទី១៣ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ Associated Press នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គណៈរដ្ឋមន្រ្តីបានដាក់បញ្ជូនព្រះនាមរបស់ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ទៅកាន់រដ្ឋសភាជាតិហើយនៅ​ថ្ងៃអង្គារនេះ បន្ទាប់ពីបានជំនុំគ្នាអស់មួយរយៈពេលខ្លីមក ហើយប្រធានរដ្ឋសភាជាតិថៃ លោក Pornpetch Wichitcholchai បានប្រកាសថា ព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ដែលត្រូវបានតែងតាំដោយព្រះបិតាជា​ព្រះរាជទាយាទនោះ ឥឡូវនេះនឹងត្រូវយាងឲ្យមក​ឡើងគ្រងរាជ្យ​សម្បត្តិ ប៉ុន្តែដោយសារតែទ្រង់​កំពុងស្ថិតនៅប្រទេសអាល្លឺម៉ង់នៅឡើយ ពិធីនៃការឡើងសោយរាជ្យមិនទាន់ត្រូវបានបញ្ជាក់ថា នៅពេលណាឲ្យប្រាកដនោះទេ។

ការប្រកាសយាងព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ភ្លាមៗនៅថ្ងៃអង្គារនេះ នឹងធ្វើឲ្យប្រជាជាតិថៃទាំងមូលមានការ​ព្រួយបារម្ភថា ព្រះមហាក្សត្រថ្មីនេះ នឹងមិនអាចឡើង គ្រងរាជ្យសម្បត្តិ ទាន់កាលកំណត់នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ខណៈដែលព្រះអង្គម្ចាស់ពេលនេះកំពុងស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់នៅឡើយ។

សូមជំរាប កាលពីខែមុនលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃធ្លាប់បានលើកឡើងថា ព្រះអង្គម្ចាស់ មហាវ៉ាចរ៉ាឡុងកន បានស្នើមក​កាន់លោកឲ្យពន្យាពេលនៃការឡើងស្នងរាជ្យសម្បត្តិ ដោយសារកំពុងស្ថិតនៅក្នុងអំឡុងពេលកាន់ទុក្ខ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនដែលថ្លែងសារអ្វីឡើយជាសាធារណៈចាប់តាំងពីព្រះបិតា​របស់ព្រះអង្គសោយព្រះទិវង្គតនោះ ដោយគំរោងការណ៍ និងកិច្ចការជាតិនានា​ជាបន្ទុករបស់រដ្ឋាភិបាល ដែលគ្រប់គ្រងទាំងស្រុង ដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា។ ទោះបីជាបែបនេះក្តីព្រះអង្គម្ចាស់​ធ្លាប់បានផ្តល់ព័ត៌មានមកថា ព្រះអង្គនឹងយាងត្រឡប់​មកពីអាល្លឺម៉ង់វិញនៅចុងសប្តាហ៍នេះ ហើយបើពិតមែននោះ វានឹងហួសថ្ងៃទី០១ ខែធ្នូ ជាថ្ងៃកំណត់នៃ ការឡើងស្នងរាជ្យនោះហើយ។

បន្ថែមពីនេះសមាជិករដ្ឋសភាថៃមួយរូប បានថ្លែងប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា «ថ្ងៃនេះយើងកំពុងតែរង់ចាំរដ្ឋាភិបាល បញ្ជូនលិខិតទៅកាន់រដ្ឋសភា។ យើងរំពឹងថា វានឹងសម្រេចបាន​តាមពេលកំណត់ទៅចុះ»។ ការបញ្ជូននេះ គឺដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋសភា ទើបធ្វើការយាង​ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ត្រឡប់មកប្រទេសថៃវិញ​ជាផ្លូវការ៕