(ហ្សាការតា)៖ ឧទ្ធម្ភាគចក្រយោធាឥណ្ឌូណេស៊ីដែលបានបាត់ដំណឹង និងត្រូវគេសង្ស័យថាបានធ្លាក់អស់​រយៈពេល​បីថ្ងៃហើយនោះត្រូវបានគេរកឃើញហើយ ដោយអាកាសយានិកត្រូវបានគេជួយសង្រ្គោះទាំងនៅ​​រស់រានមានជីវិត ខណៈជាអកុសល្យសហសេវិកបីនាក់ដែលរួមដំណើរជាមួយគ្នាបានស្លាប់ និងម្នាក់ទៀត​កំពុងបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមមន្រ្តីយោធានៃប្រទេសឥណ្ឌូណេស៊ី ដែលបានចេ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យកងទ័ពជើងគោកនៃប្រទេសឥណ្ឌូណេស៊ី លោក Sabrar Fadhilah បានឲ្យដឹងថា ពីឡុតដែលបានទទួលរងរបួស ត្រូវបានភា្នក់ងារជួយសង្រ្គោះប្រទះឃើញ ជាមួយនិង ឧទ្ធម្ភាគចក្រធុន Bell 412 កាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅជំរាលភ្នំនៃ ខេត្ត North Kalimantan ក្រោយពេលដែលវាបានធ្លាក់​កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលកំពុងដឹកជញ្ជូនបរិក្ខាផ្គត់ផ្គង់ ទៅកាន់មូលដ្ឋានយោធានៅឯតំបន់​ដាច់ស្រយ៉ាលមួយកន្លែងលើកោះ Boneo ក្បែរព្រំដែនភាគខាងជើងជាប់ នឹងប្រទេសម៉ាឡេស៊ី។
ចំណែកឯមកដល់ថ្ងៃចន្ទម្សិលមិញនេះ ក្រុមរុករកក៏បានប្រទះឃើញសាកសពនាយទាហានចំនួនបីរូបទៀត ហើយអំឡុងពេលនេះ គេកំពុងតាមស្វែងរកជនទីប្រាំ ដែលកំពុងបន្តបាត់ខ្លួននៅឡើយ។ គួរបញ្ជាក់ថា ករណីនេះគ្រាន់តែជាគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាថ្មីមួយទៀត សម្រាប់ប្រទេសឥណ្ឌូណេស៊ីតែប៉ុណ្ណោះ
ដោយកាលពីខែមីនាកន្លងទៅ មនុស្សចំនួន១២នាក់ បានស្លាប់ភ្លាមៗនៅពេលដែលឧទ្ធម្ភាគចក្រយោធា​មួយគ្រឿងដូចគ្នាបានធ្លាក់ដោយសារតែ អាកាសធាតុដ៏អាក្រក់នៅលើកោះ Sulawesi ភាគកណ្តាល​ប្រទេស។

បន្ថែមពីខាងលើនេះទៀត គ្រោះថ្នាក់ផ្លូវអាកាសដ៏អាក្រក់បំផុតនៅក្នុងប្រទេសស្ថិតក្នុងតំបន់​អាស៊ីអាគ្នេយ៍មួយនេះ​នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកាលពីខែមិថុនា ឆ្នាំ២០១៥ នៅពេលដែលយន្តហោះ​ធុនធំ Hercules C-130 របស់កងទ័ពជើងអាកាសឥណ្ឌូណេស៊ី បានធ្លាក់ទៅកាន់ទីប្រជុំជនមួយកន្លែងក្នុងទីក្រុង Medan ហើយបានសម្លាប់មនុស្សដល់ទៅ១៧២នាក់ និងបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕