(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានរកឃើញការឆ្លងវីរុស Zika មួយករណីបន្ថែមទៀត ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេស កើនឡើងដល់១៦ករណី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រភពដដែលបានបញ្ជាក់ដែរថា អ្នកជំងឺវីរុស Zika ជាបុរសជនជាតិកូរ៉េខាងត្បូងវ័យ ៤៦ឆ្នាំម្នាក់រស់នៅក្នុង ប្រទេសវៀតណាម ហើយបានធ្វើដំណើរវិសម្សកាលមកកាន់ទីក្រុងសេអ៊ូល នាពេលថ្មីនេះនិងក្រោយមក​ត្រូវ បានគេធ្វើរោគវិនិច្ឆ័យរកឃើញថាបានឆ្លងវីរុស Zika​។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បុរសរូបនេះទទួលបានការព្យាបាល ព្រមទាំងបានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេ​វៀតណាម​វិញ ហើយជាទីដែលគាត់បានរស់នៅចាប់តាំងពីឆ្នាំ២០១២ មក។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានអះអាងពីករណីឆ្លងវីរុស Zika ជាលើកដំបូងកាលពីខែមីនា ឆ្នាំ២០១៦នេះ ខណៈប្រទេសវៀតណាមការឆ្លង់វីរុស Zika សរុបជិត ១០០ករណីហើយ៕