(ម៉ានីល)៖ ប្រធានាធិបតនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍​នេះថា ប្រទេសរុស្ស៊ី បានយល់ព្រមលក់កាំភ្លើង មកឲ្យប្រទេសហ្វីលីពីនហើយ ដោយស្ថិតនៅក្នុងការផ្តល់ជូនយ៉ាង​ពិសេសគឺ «ទិញមួយថែមជូនមួយ» ដោយឥតគិតថ្លៃ ដែលនេះបានកើតឡើងបន្ទាប់ពីអាមេរិក​បានប្រកាស​ផ្អាកលក់កាំភ្លើងសម្រាប់ប៉ូលិសមកដល់ហ្វីលីពីន ដោយចោទរដ្ឋាភិបាលលោក ឌូធើតេ ថាបានសម្លាប់​មនុស្សក្រៅប្រព័ន្ធតុលាការ។ នេះបើតាមស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីលោក ទើបត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសប៉េរូ នោះលោក ឌូធើតេ បានលើកឡើងថា លោកអាចនឹងទិញកាំភ្លើង ជានិច្ចពីប្រទេសរុស្ស៊ី។ លោក ឌូធើត បានបង្ហើបយ៉ាងដូច្នេះថា «ខ្ញុំបានរៀបរាប់ប្រាប់លោក ពូទីន នៅក្នុងកិច្ចប្រជុំ APEC ក្នុងទីក្រុង​លីម៉ា ហើយលោក ពូទីន រីករាយក្នុងការលក់កាំភ្លើងមកឲ្យហ្វីលីពីន ដោយទិញមួយថែមជូនមួយទៀត»

គួរបញ្ជាក់ថាចំណាត់ការរបស់លោក ឌូធើតេ ខាងលើនេះគឺជាការឆ្លើយតបទៅនឹងទង្វើរបស់លោក Ben Cardo សមាជិកព្រឹទ្ធសភាអាមេរិក ប្រធាននៃគណកម្មាធិការកិច្ច ការបរទេសរបស់ព្រឹទ្ធសភាអាមេរិក ដែលបានគំរាមលុបចោលការលក់កាំភ្លើងឲ្យស្ថាប័នប៉ូលិសជាតិហ្វីលីពីន ដោយខ្លួនអះអាងថាអាមេរិក មានការព្រួយបារម្ភចំពោះសិទ្ធិមនុស្ស៕