(ហាណូយ)៖ គ្រោះថ្នាក់ចរាចរណ៍បានក្លាយ​ជារឿង​ក្តៅបំផុតក្នុងប្រទេស​វៀតណាម ដែលបានបង្កឲ្យ​មនុស្សជិតខ្ទង់​ម៉ឺននាក់ស្លាប់​ក្នុងមួយឆ្នាំៗ ហើយបើសរុប​ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ​នេះ ប្រជាជន​វៀតណាមសរុបជាង ៤៨​,០០០នាក់ហើយ បានស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ​ជាពិសេសគឺសម្រាប់អ្នកជិះម៉ូតូ។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅមុននេះ​បន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមការផ្សាយរបស់វិទ្យុជាតិវៀតណាម VOV ក្នុងអំឡុងពេល ៥ឆ្នាំចុងក្រោយនេះ មានគ្រោះថ្នាក់​ចរាចរណ៍ចំនួនជាង ១៥៨,០០០ករណីនៅទូទាំងប្រទេស ដែលចំនួននេះគឺបានធ្លាក់ចុះ ១៨ភាគរយបើ​ប្រៀបធៀប​ទៅនឹងរយៈពេលដូចគ្នានៅអំឡុង ៥ឆ្នាំមុននេះទៀត ហើយសម្រាប់មនុស្សរងរបួសវិញគឺមាន ១៦២,០០០នាក់ ធ្លាក់ចុះ ២២ភាគរយបើធៀប​នឹងពេលវេលា​កំណត់ដូចគ្នា។

សម្រាប់គោលការណ៍ដែលត្រូវបានកំណត់សម្រាប់ឆ្នាំ២០២០ ប្រទេសវៀតណាមបានប្តេជ្ញាថា​នឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ២០ភាគរយបន្ថែមទៀតតាមរយៈ ការអភិវឌ្ឍផ្លូវធ្វើដំ​ណើរ សុវត្ថិភាពនៃយានជំនិះ ការរឹតបន្តឹងច្បាប់ចរាចរណ៍ និងការអប់រំប្រជាជនទូទាំងប្រទេស៕