(វ៉ាស៊ីនតោន)៖ នៅពេលដែលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិកជាផ្លូវការនៅខែមករាឆ្នាំក្រោយនេះ អនាគតមេដឹកនាំប្រទេសមហាអំណាច​ពិភពលោករូបនេះទំនងជានឹងនាំយកនូវទំនាស់ផលប្រយោជន៍ សំខាន់ៗមួយចំនួនទាក់ទងនឹងមុខជំនួញ​ដ៏ធំមហាសាលជាមួយនិងរូបលោកធ្វើដំណើរទៅកាន់សេតវិមាន។ នេះបើតាមការចេញផ្សាយដោយ​គេហទំព័រទស្សនាវដ្តី Time របស់សហរដ្ឋអាមេរិក ចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងពេលឆាប់ៗខាងមុខនេះ ការសម្រេចចិត្តជាច្រើនដែលលោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅពេល​ដែលលោកឡើងកាន់តំណែង នឹងជះឥទ្ធិពលដោយមិនអាចជៀសផុតឡើយ​ទៅលើមុខជំនួញរបស់លោក ដែលមានតម្លៃដល់ទៅរាប់ពាន់លានដុល្លារហើយបច្ចុប្បន្ន នេះពុំមានយន្តការណាមួយដែលទាមទារ​ឬតម្រូវឲ្យលោកអនាគតប្រធានាធិបតី ចាំបាច់ត្រូវតែមានតម្លាភាពចំពោះការសម្រេចចិត្តទាំងអស់​នោះឡើយដោយសារតែគ្មានក្រុមស៊ើបអង្កេតណា ដែលមានចំណាប់អារម្មណ៍ក្នុងការស្រាវជ្រាវនិង​តាមដាន​ទៅលើបញ្ហានេះ រីឯសភាជាតិដែលគណបក្សសាធារណរដ្ឋ បានឈ្នះសំឡេងភាគច្រើនវិញហើយ​និងរដ្ឋបាលថ្មីរបស់លោកផ្ទាល់ក៏មិនខ្វាយខ្វល់ផងដែរ។

យ៉ាងណាមិញវាប្រាកដណាស់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នឹងនៅតែបន្តស៊ើបអង្កេតទៅលើ​រឿងនេះ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលប្រជាជនអាមេរិក ស្ទើរតែទាំងស្រុងទៅហើយថាស្ថាប័ន​ព័ត៌មាននៅក្នុងប្រទេសរបស់ពួកគេសព្វថ្ងៃមិនអាចឲ្យជឿទុកចិត្តបានទៀតនោះឡើយ។

គួរបញ្ជាក់ដែរថាទំនាស់ផលប្រយោជន៍របស់លោក ដូណាល់ ត្រាំ រួមមានចាប់តាំងពីបញ្ហាតូចតាចដូចជា​ការវិនិយោគរបស់លោកទៅលើគំរោង នៃការសាងសង់បំពង់បង្ហូរឧស្ម័ន និងប្រេងនៅក្នុងរដ្ឋ North Dakota ជាដើម ទៅដល់បញ្ហាពាណិជ្ជកម្មខ្នាតធំជាមួយប្រទេសចិន ដែលនឹងប៉ះពាល់ដល់ចំណងទាក់ទង​រវាងធនាគារចិនហើយនិងមុខជំនួញ «Trump Organization» ដែលនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងនៃ​កូនចម្បងទាំងបីរូបរបស់លោក ដូណាល់ ត្រាំ៕