(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានអះអាងថា សកម្មភាពបង្កររឿង របស់ខ្លួន តាមរយៈការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ និងគ្រាប់មីស៊ីលបាលិស្ទីគ គឺដោយសារតែ នយោបាយអរិភាព និងឈ្លានពាននៃសហរដ្ឋអាមេរិក ដែលមានបំណង​ចង់ខ្ទប់ដង្ហើមរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារ​សារព័ត៌មានកូរ៉េខាង​ត្បូងយ៉ុនហាប់ នៅយប់ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។​

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍រដ្ឋ KCNA ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកមានបំណងផ្ដួលរំលំប្រព័ន្ធ​ដឹកនាំនៅកូរ៉េខាង​ជើង តាំងតែពីមរណភាព របស់ លោក គីម ជុងអ៊ីល មកម្លេះ ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា នយោបាយអាមេរិក ក្រោមរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា គ្មានអ្វីក្រៅតែចង់ខ្ទប់ដង្ហើមកូរ៉េខាងជើង នោះឡើយ»

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ សាររបស់កូរ៉េខាងជើងនៅពេលនេះ គឺចង់បញ្ជូនទៅកាន់អនាគត រដ្ឋាភិបាលថ្មី របស់លោក ដូណាល់ ត្រាំ​ ឱ្យផ្លាស់ប្ដូរគោលនយោបាយបែបនេះ ចំពោះកូរ៉េខាងជើង៕