(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស្ថិតិអាមេរិក Brennan Center for Justice បានឱ្យដឹងថា ប៉ូលិសអាមេរិកបាន ចំណាយប្រាក់មិនតិចជាង ៤,៧៥លានដុល្លារនោះទេ ដើម្បីតម្លើងឧបករណ៍តាម​ដាន​លើបណ្ដាញ​ទំនាក់ទំនងសង្គមនានា ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេតលើបទឧក្រិដ្ឋសំខាន់ៗនៅចន្លោះពី​ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៦។

ទីភ្នាក់ងារស្ថិតិដដែលបានបញ្ជាក់ដែរថា ការស្រាវជ្រាវរបស់ខ្លួននៅតាមទីក្រុង ឬតំបន់ជាយក្រុងជាង ១៥១ទីតាំង បានបង្ហាញថា កងកម្លំាងរក្សាសណ្ដាប់ធ្នាប់បានចំណាយប្រាក់ច្រើនជាង ១០,០០០ដុល្លារ ក្នុងទីក្រុងនីមួយៗ ដើម្បីបំពាក់ឧបករណ៍តាមដានលើបណ្ដាញទំនាក់ទំនងសង្គម  ពោលគិតជាសរុប​ប៉ូលិសអាមេរិកបានចាយប្រាក់ ៤,៧៥លានដុល្លារ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដល់ក្រុមហ៊ុនឯកទេស​ជាច្រើនក្នុងការអនុវត្តកិច្ចការនេះ រួមមានក្រុមហ៊ុន Geofeedia, Media Sonar, Snaptrends, Dataminr, Digital Stakeout, PATHAR, Meltwater និងក្រុមហ៊ុន Babel Street។  

គួរបញ្ជាក់ថាបើតាមនាយក Brennan Center for Justice លោកស្រី Faiza Patel ក្រុមហ៊ុនទំាងនេះ​បានសហការជាមួយនឹងប៉ូលិសអាមេរិក ដើម្បីតាមដានសារ ឬការបង្ហោះព័ត៌មាន​ដែលអាច​កំណត់​ពី​ទំនាក់ទំនងនៃកិច្ចសន្ទនារបស់អ្នកប្រើប្រាស់​ ដោយក្នុងនោះនៅករណី​មានសារឬព័ត៌មានណាមួយ ប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ឧបករណ៍តាមដាននឹងបញ្ជូន​សញ្ញាទៅកាន់អាជ្ញាធរ​មានសមត្ថកិច្ច​ដើម្បីចាត់​ការទៅតាមនីតិវិធី​ច្បាប់៕