(លីម៉ា)៖ មនុស្សយ៉ាងហោចណាស់ ០៨នាក់បានបាត់បង់ជីវិត និង១៣នាក់ទៀតកំពុងបាត់ខ្លួននៅក្នុង​ហេតុការណ៍ឆេះ​រោងកុន​មួយកន្លែង ដែលស្ថិតនៅក្បែរ​សណ្ឋាគារ នៃទីក្រុងលីម៉ា ដែលជាកន្លែង​ថ្នាក់ដឹកនាំប្រទេសមួយចំនួន​ នឹងទៅចូលរួម​កិច្ចប្រជុំ APEC ដោយរួមបញ្ចូលទាំងប្រធានាធិបតី​អាមេរិកលោក បារ៉ាក់ អូបាម៉ា ផងនោះគ្រោងនឹងស្នាក់នៅ។ នេះបើយោងតាមប៉ូលិសនៅក្នុងតំបន់​កើតហេតុ ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យប៉ូលិសប្រចាំតំបន់ Miraflores នៃទីក្រុងលីម៉ា បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន០៨នាក់ត្រូវគេ​រកឃើញថាបានស្លាប់បាត់បង់ជីវិត  និង១៣នាក់ផ្សេងទៀតបានបាត់ខ្លួន​នៅក្នុងការឆេះរោងកុន​មួយកន្លែង​ដែលស្ថិតនៅទល់មុខសណ្ឋាគារ Mirriott ដែលគណៈប្រតិភូអាមេរិកបានគ្រោង​​នឹងស្នាក់នៅសម្រាប់ការ​ចូលរួមកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច APEC ហើយមូលហេតុ​ដែលបានបណ្តាលឲ្យ​មា​នជាអគ្គិភ័យឆាបឆេះឡើងនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កំពុងស្ថិតនៅក្នុងទីក្រុង​ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ ដើម្បីបំពេញដំណើរទ​ស្សនកិច្ចជាលើកចុងក្រោយមកកាន់បណ្តាប្រទេស​សម្ព័ន្ធមិត្តនៅអឺរ៉ុប ហើយបន្ទាប់ពីនោះលោកនឹងមកកាន់ប្រទេសប៉េរូ ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ជាលើកចុងក្រោយផងដែរ៕