(មូស្គូ)៖ ប្រទេសរុស្ស៊ីទទួលបាននូវការបញ្ជាទិញ នូវយន្តហោះដឹកអ្នកដំណើរខ្នាតធំធុន Irkut MS-21 ដែលផលិតឡើងនៅក្នុងប្រទេសផ្ទាល់ចំនួន ១៧០គ្រឿងពីសំណាក់​អតិថិជនពាសពេញ​ពិភពលោក បន្ទាប់ពីបានដាក់បង្ហាញបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណងប្រកួតប្រជែងលើទីផ្សារអាកាសចរណ៍​អន្តរជាតិជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរ​ដ៏ល្បីៗនៅលើពិភព​លោកដូចជា Airbus និង Boeing ជាដើម។ នេះបើតាមសម្តីរបស់មន្រ្តីរដ្ឋាភិបាល​រុស្ស៊ីដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Andrey Boginsky បានថ្លែងថា «ពួកយើង​រំពឹងថាការហោះជាលើកដំបូងរបស់ MS-21 នឹងអាចប្រព្រឹត្តទៅបាន​នាត្រីមាស​ទីមួយដើម​ឆ្នាំក្រោយ ខណៈពេលដែលការធ្វើតេស្តសាកល្បងកំពុងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយពួកយើងសង្ឃឹមថា​នឹងទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាល ដែលឲ្យយើង​ធ្វើការផលិតទ្រង់ទ្រាយធំ នៅប្រទេសរុស្ស៊ី និងពីសហភាពអឺរ៉ុបនៅចុងឆ្នាំ២០១៨ខាងមុខ»

លោក Boginsky ក៏បានធ្វើគូសបញ្ជាក់ដែរថា សភាពការណ៍អន្តរជាតិដែលមិនអំណោយ​ផល​នាពេលបច្ចុប្បន្នមិន​បានបង្កជាផលប៉ះ​ពាល់អាក្រក់ដល់ការអភិវឌ្ឍ​យន្តហោះ​ដឹកអ្នកដំណើរ MS-21 ឬអាចហៅបានថា MC-21 នោះឡើយ ព្រោះវាតម្រូវការចាំបាច់ និងជាយន្តហោះប្រើប្រាស់​ម៉ាស៊ីនភ្លោះ​​ដែលអាចផ្ទុក​មនុស្សបានចំនួនពី ១៥០ទៅ២១១នាក់៕