(វ៉ាស៊ីនតោន)៖ មន្ត្រីមួយរូបមកពីរដ្ឋ West Virginia លោកស្រី Pamela Ramsey Taylor បានបាត់​បង់ការងារភ្លាមៗបន្ទាប់ពីខ្លួនបានបង្ហាះសារបែបរើសអើងទៅលើលោកស្រី Michelle Obama​ ដោយបានធ្វើឱ្យមានប្រតិកម្មរិះគន់យ៉ាងខ្លំាង និងចែករំលែកបន្តរាប់រយដងនៅលើ Facebook មុននឹងការបង្ហោះរបៀបមាក់ងាយនោះត្រូវបានលុបចោលវិញ។ នេះបើតាមការចេញផ្សាយរបស់​សារព័ត៌មាន SkyNews នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមអភិបាលក្រុង Clay​ លោក Beverly Whaling បន្ទាប់ពីលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជា ប្រធានាធិបតីអាមេរិក លោកស្រី Pamela Ramsey Taylor ដែលជានាយកសមាគម​មិនយក​ប្រាក់កំរៃ Clay Development Corporation បានធ្វើការប្រៀបធៀបរវាង លោកស្រី Michelle Obama និង លោកស្រី Melania Trump ដោយសរសេរនៅលើ Facebook​ ផ្ទាល់ខ្លួនដូច្នេះថា «វានឹងមានអារម្មណ៍​ស្រស់ថ្លានៅពេលស្រ្តីដ៏ស្រស់ស្អាត និងថ្លៃថ្នូរម្នាក់ (លោកស្រី Melania Trump) ក្លាយជាស្ត្រីទីមួយនៅ​សេតវិមាន ហើយខ្ញុំពិតជាធុញទ្រាន់ដែលបានឃើញសត្វស្វា (លោកស្រី Michelle Obama) មួយក្បាលពាក់ស្បែកជើងកែងណាស់»។

គួរបញ្ជាក់ថាបន្ទាប់ពីមានការរិះគន់ជាច្រើន លោកស្រី Pamela Ramsey Taylor បានសម្រេចចិត្ត​លាលែងពីមុខដំណែង ប៉ុន្តែលោកស្រីនៅតែប្រកែកតវ៉ា​ចំពោះពាក្យចោទ​ប្រកាន់ទាំងឡាយនោះថា លោកស្រីមិនបានរើសអើងជាតិសាសន៍នោះទេ ចំពោះភរិយាប្រធានាធិបតី​អាមេរិកលោក បារ៉ាក់ អូបាម៉ា ដែលជាជនជាតិស្បែកខ្មៅ៕