(ប៉ារីស)៖​ យោងតាមអ្នកនិពន្ធសៀវភៅមួយមានចំណងជើងថា «ប្រធានាធិបតីម្នាក់មិនគួរនិយាយដូច្នោះ» ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានដាក់បញ្ជាយ៉ាងហោច​ណាស់ចំនួនបួន​លើកឱ្យសម្លាប់​ក្រុមភេរវករក្រៅប្រព័ន្ធច្បាប់ ហើយបើសិនវាជាការពិតនោះមានន័យថា ទង្វើនោះជាការរំលោភលើ​ព័ត៌មានសម្ងាត់យោធាដែលអាចនឹងធ្វើឱ្យលោក ហូឡង់ ប្រឈមមុខនឹងការបោះឆ្នោត​ទម្លាក់ពីតំណែង ឬក៏ប្រឈមមុខការកាត់ទោសពីសំណាក់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC។ នេះបើតាមការចេញ​ផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik​ នៅរសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះដែរ នៅពេលផ្ដល់បទសម្ភាសន៍ឱ្យស្ថានីយ៍ទូរទស្សន៍បារាំង BFMTV អ្នកសារព័ត៌មាន លោក ហ្សេរ៉ាត ដាវ៉េ (Gérard Davet) និងលោក ហ្វាប្រ៊ីស ឡូន (Fabrice Lhomme) បានគូស​បញ្ជាក់ថានៅក្នុងរយៈពេល ៥ឆ្នាំនៃអាណត្តិជាប្រធានាធិបតី លោក ហូឡង់ បានបង្គាប់ឱ្យសម្លាប់ក្រុម​ភេរវករដោយមិនបានជំនុំជម្រះតាមផ្លូវតុលាការ យ៉ាងហោចណាស់ចំនួន០៤លើក។

ដោយឡែកបើតាមលោកមេធាវី ហ្គីល ឌឺវែរ (Gilles Devers) ​វានៅសល់ជ្រុងមួយទៀតពោលគឺ បើលោក ហូឡង់ ក្នុងនាមជាប្រមុខរដ្ឋ និងប្រមុខយោធាបារាំងបានដាក់បញ្ជាដូច្នោះមែននៅក្នុងករណី​ដែលកងទ័ពបារាំងមិនបានទទួលរងការវាយប្រហារ នោះការបញ្ជានេះជាបទឧក្រិដ្ឋសង្រ្គាមផ្អែកលើ​មាត្រាច្បាប់នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបារាំងបានផ្ដល់សច្ចាប័នបានចែងថា «ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ធ្វើឡើងដោយអំណាចនយោបាយ និងប្រព្រឹត្តឡើងនៅក្នុង បរិបទនៃជម្លោះយោធាប្រដាប់អាវុធ គឺជាបទឧក្រិដ្ឋសង្រ្គាម»។

ទោះបីជាយ៉ាងណាក៏ដោយចៅក្រមជំនាញខាងច្បាប់ឧក្រិដ្ឋកម្មសង្រ្គាម លោកស្រី សេលីន បាដេ (Céline Bardet) អះអាងថា ប្រសិនបើការការពារនោះគឺជារឿងស្របច្បាប់នោះវា មិនមែនជាបទ​ឧក្រិដ្ឋសង្រ្គាមនោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង Le point លោក ហ្វ្រង់ស័រ ហូរឡង់ ធ្លាប់ដាក់បញ្ជាឱ្យសម្លាប់មេភេរវករក្រុមអាល់សាបាប់សូម៉ាលី លោក អះម៉ាត់ ហ្គូដាន (Ahmed Godane) កាលពីឆ្នាំ២០១៤ ក្រៅប្រព័ន្ធតុលាការ៕