(យូអិន)៖ បណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) បានរួមគ្នាថ្កោលទោសរបបដឹកនាំនៃ​ប្រទេសកូរ៉េខាងជើង ដែលបានប្រើប្រាស់ថវិកាយ៉ាងច្រើនលើសលប់ តែទៅលើការផលិតគ្រាប់មីស៊ីល និងកម្មវិធីនុយក្លេអ៊ែរ ដោយមិនខ្វល់ពីគ្រោះទុរភិក្សដែលប្រជាជន រាប់លាននាក់ក្នុងប្រទេសអាស៊ីឦសាន​មួយនេះកំពុងជួបប្រទះ ដោយនេះក៏ត្រូវបានចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សផងដែរ។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

សេចក្តីព្រាងដែលត្រូវបានរៀបចំឡើងដោយប្រទេសជប៉ុន និងសហភាពអឺរ៉ុបនោះនឹងត្រូវសម្រេចចេញ​តាមរយៈការបោះឆ្នោតគាំទ្រនៅក្នុងគណកម្មាធិការ ទទួលបន្ទុកសិទ្ធិមនុស្សនៃមហាសន្និបាតអង្គការ​សហប្រជាជាតិ ហើយដែលប្រទេសជាសម្ព័ន្ធមិត្តកូរ៉េខាងជើងមួយចំនួននឹងមិនបោះឆ្នោតគាំទ្រ។ សម្រាប់​ការបោះឆ្នោតសម្រេចចេញជាផ្លូវការចំពោះដំណោះស្រាយថ្មី ទៅលើការរំលោភសិទ្ធិមនុស្សនៅប្រទេស​កូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅខែក្រោយ។

ឯកអគ្គរាជទូតជប៉ុនប្រចាំអង្គការសហប្រជាជាតិលោក Koro Bessho បានថ្លែងជុំវិញបញ្ហានេះយ៉ាង​ដូច្នេះថា «ថ្នាក់ដឹកនាំទាំងឡាយរបស់កូរ៉េខាងជើង ដែលមិនដែលគិតគូរពីជីវភាពរបស់នៅរបស់ប្រជាជន​ខ្លួនឯងនោះ បានប្រើប្រាស់ធនធានដ៏ស្តួចស្តើងរបស់ពួកគេទៅផលិតអាវុធប្រល័យលោក។ ការសម្រេច​ចិត្តរបស់ពួកគេបែបនោះហើយ គឺជាការរំលោភសិទ្ធិមនុស្ស»។ ជុំវិញបញ្ហានេះអគ្គរដ្ឋទូតកូរ៉េខាងជើង​លោក Ri Song Chol បានឆ្លើយតបវិញដូច្នេះថា «ប្រទេសជប៉ុនគួរគិតតែពីរឿងខ្លួនឯងវិញទៅ»

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើតេស្តអាវុធនុយក្លេអ៊ែរចំនួនពីរលើករួចមកហើយនៅក្នុងឆ្នាំ​២០១៦នេះ រួមជានឹងការបាញ់សាកល្បងគ្រាប់មីស៊ីល ស្ទើរគ្រប់ធុនផងដែរ នៅចំពោះមុខប្រជាជន​របស់ខ្លួនចំនួន ១៨លាននាក់ក្នុងចំណោមប្រជាជនសរុប ២៥លាននាក់ ដែលកំពុងប្រឈមមុខនឹង​ការខ្វះខាត​ចំណីអាហារសម្រាប់បរិភោគពីមធ្យមទៅធ្ងន់ធ្ងរបំផុត៕