(មូស្គូ)៖ អង្គភាពប្រឆាំងអាជីវកម្មផ្តាច់មុខនៃប្រទេសរុស្ស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា ដ៏ធំរបស់សហរដ្ឋអាមេរិក «Microsoft» ដោយសង្ស័យថាបានបំពានច្បាប់ការពារសកម្មភាពក្រួតប្រជែងផ្នែកពាណិជ្ជកម្មរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Anatoly Golomolzin អនុប្រធាននៃអង្គភាពប្រឆាំងអាជីវកម្មផ្តាច់មុខរុស្ស៊ីបាននិយាយថា ក្រុមហ៊ុន Microsoft មានជាប់សង្ស័យពីបទរំលោភបំពានច្បាប់របស់ប្រទេសរុស្ស៊ី ស្តីពីកិច្ចការពារភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម ដែលបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីកេងចំណេញផលប្រយោជន៍នៅក្នុងទីផ្សារកម្មវិធី​កុំព្យូទ័រនៃប្រទេសរុស្ស៊ី។

ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសន្តិសុខផ្នែកព័ត៌មានវិទ្យានៃប្រទេសរុស្ស៊ីឈ្មោះថា «Kaspersky Lab» បានចោទប្រកាន់ Microsoft ថាបានរារាំងមិនឲ្យកម្មវិធីកម្ចាត់មេរោគ​ក្នុង​​ប្រព័ន្ធកុំព្យូទ័រមួយនេះ អាចធ្វើការតម្លើងនឹងដំណើរការដោយរលូនទៅក្នុងកម្មវិធីកុំព្យូទ័រប្រតិបត្តិដោយ Microsoft ជាពិសេស​គឺកាត់បន្ថយពេលវេលានៃការដំណើរការកម្មវិធីកម្ចាត់មេរោគ Kaspersky នៅក្នុងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រជំនាន់ថ្មី Windows 10 ពីរយៈពេលពីរខែមកត្រឹម០៦ថ្ងៃតែប៉ុណ្ណោះ ដែលជាហេតុបង្កជាការរំខានជាខ្លាំងដល់អ្នកប្រើប្រាស់កម្មវិធី Kaspersky របស់រុស្ស៊ី។

គួរបញ្ជាក់ដែរប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានស្នើយ៉ាងទទូចទៅកាន់ស្ថាប័ន្ធរដ្ឋក៏ដូចជា​ក្រុមហ៊ុន​​ឯកជនទាំងអស់នៅក្នុងប្រទេស ឲ្យងាកមកប្រើប្រាស់កម្មវិធីកុំព្យូទ័រ ដែលផលិតនៅក្នុងស្រុក​ដែល​រដ្ឋាភិបាលរុស្ស៊ីបានខិតខំផលិតឡើងជាង ២,០០០កម្មវិធីវិញ ដោយព្រួយបារម្ភពីបញ្ហាសន្តិសុខ និងភាព​ជឿទុកចិត្តបាននៃកម្មវិធីកុំព្យូទ័ររបស់បរទេស ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុង ប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន៕