(សេអ៊ូល)៖ ​វិទ្យាស្ថានស្រាវជា្រវកូរ៉េខាងត្បូង Gallup Korea បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រជាប្រិយភាពរបស់លោកស្រីប្រធានាធិបតី ផាក គឺនហេ នៅតែស្ថិតនៅក្នុងកំរិតកាន់តែទាបបំផុត មួយនៅ​សប្ដាហ៍ទី២នេះ​ដោយសារតែរឿងអាស្រូវនយោបាយ របស់លោកស្រីដែលនេះ អាចនឹងក្លាយជាបញ្ហា​ប្រឈមកាន់តែធ្ងន់សម្រាប់រដ្ឋាភិបាល របស់លោកស្រី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia​ នាព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

តំណែងជាប្រធានាធិបតីរបស់លោកស្រី ផាក បាននិងកំពុងរង្គោះរង្គើរយ៉ាងខ្លំាងបន្ទាប់ពីរឿងអាស្រូវ ឆយ ស៊ូនស៊ីល បានផ្ទុះឡើងកាលពីពេលថ្មីៗនេះ។ ស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល គឺជាមិត្តភក្កិដ៏ជិតស្និតម្នាក់ របស់លោកស្រី ផាក ដែលត្រូវបានគេសង្ស័យថាបានប្រើប្រាស់អំណាចលោកស្រី ផាក ដើម្បីលូកដៃចូល​ក្នុង​កិច្ចការរដ្ឋ និងប្រមូលមូលនិធិរាប់លានដុល្លារ ពីក្រុមហ៊ុនធំៗមួយចំនួន នៅក្នុងកូរ៉េខាងត្បូង។

ដោយឡែកជុំវិញបញ្ហានេះដែរ វិទ្យាស្ថាន Gallup Korea បាននិយាយថា បើតាមការស្ទង់មិតរបស់ខ្លួន​ជាមួយ​ប្រជាជនកូរ៉េខាងត្បូង ១,០០៣នាក់​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា អ្នកដែលចូលរួមសម្ភាសន៍​៩០ភាគរយចង់ឱ្យលោកស្រី ផាក គឺនហេ ចុះចេញពីតំណែង ដែលតួលេខនៃការស្ទង់មតិស្រដៀង​គ្នានេះ មានតែ ៨៩ភាគរយប៉ុណ្ណោះ​កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន លោកស្រី ផាក បានធ្វើការសូមទោសជាសាធារណៈជាលើកទី២ ជុំវិញរឿងអាស្រូវ ឆយ ស៊ូនស៊ីល ប៉ុន្តែទោះជាយ៉ាងប្រជាប្រិយភាពលោកស្រី មិនបានល្អប្រើសើរឡើង​វិញឡើយ ខណៈប្រជាជនកូរ៉េខាងត្បូងរាប់សែននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមធ្វើបាតុកម្ម​តវ៉ាទ្រង់ទ្រាយធំ​ ទាមទារឱ្យលោកស្រី ចុះចេញពីមុខតំណែង៕