(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងថាលោក បារ៉ាក់ អូបាម៉ា សង្ឃឹមថាទំនៀមទម្លាប់ដែលអ្នកកាន់អំណាច នឹងមិនប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើការសងសឹកទៅលើគូរប្រជែងនយោបាយរបស់ខ្លួននោះ នឹងនៅបន្តគ្មានការផ្លាស់ប្តូរឡើយ បន្ទាប់ពីលោក ដូណាល់ ត្រាំ ដែលធ្លាប់បានប្តេជ្ញាថានឹងចាប់គូរប្រជែងរបស់ខ្លួន គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ដាក់គុកដោយសារតែបញ្ហាសន្តិសុខជាតិនោះ នៅទីបំផុតបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យសេតវិមានលោក Josh Earnest បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយថា «ពួកយើងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទំនៀមទម្លាប់ ដ៏យូរលុងណាស់មកហើយមួយ នៅក្នុងប្រទេសនេះ ដោយបុគ្គលដែលក្តោបក្តាប់អំណាចនៅក្នុងដៃ នឹងមិនប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើការសងសឹក ដោយសារតែរឿងនយោបាយទៅលើគូប្រគួតរបស់ខ្លួននោះឡើយ ហើយលោកប្រធានាធិបតីផុតអាណត្តិ បារ៉ាក់ អូបាម៉ា សង្ឃឹមថាវានឹងនៅតែបន្តដូច្នេះជារៀងរហូត»

គួរបញ្ជាក់ដែរថា ការលើកបញ្ជាក់បែបនេះរបស់លោក អូបាម៉ា ត្រូវបានធ្វើឡើងនៅក្រោយពេលដែលក្រុមអ្នកសារព័ត៌មាន​ បានចោទសួរពីការយល់ឃើញរបស់លោក ចំពោះការសន្យារបស់លោក ត្រាំ ដែលធ្លាប់បានលើកឡើងនៅលើវេទិកាតស៊ូមតិថា នឹងចាប់ខ្លួនលោកស្រី គ្លីនតុន ដាក់ពន្ធនាគារឲ្យខាងតែបាន ប្រសិនបើលោក ត្រាំ បានក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក៕