(ហាណូយ)៖ ក្រុមអ្នកតំណាងរាស្ត្រវៀតណាមនៅថ្ងៃព្រហស្បតិ៍ បានជជែកពិភាក្សាគ្នាលើសំណើបញ្ឈប់ គំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ជាលើកដំបូងបំផុតនៅក្នុងខេត្តភាគខាងត្បូង Ninh Thuan។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងស្រុក លោក Duong Quang Thanh ប្រធានសមាជិកក្រុមប្រឹក្សា​ថាមពលវៀតណាម (EVN) ​បានឱ្យដឹងថា គំរោងអគ្គិសនីជាតិនាពេលថ្មីៗនេះ ត្រូវបានអនុម័ត​ដោយ​រដ្ឋាភិបាល​វៀតណាម ប៉ុន្តែចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ នឹងមិនមានថាមពលនុយក្លេអ៊ែឡើយ ខណៈប្រភពថាមពលមួយចំនួន នឹងត្រូវអភិវឌ្ឍន៍បន្ថែមដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ លោក Thanh បន្ថែមថា «ផ្អែកលើការគណនាថ្មីតម្រូវការអគ្គិសនីវៀតណាម នឹងកើនឡើងដល់១១ភាគរយ នៅអំឡុងឆ្នាំ ២០១៦-​២០២០ និង ៧ទៅ៨ភាគរយនៅឆ្នាំ​២០២១-២០៣០ ដែលនេះគឺទាបជាងការ​ព្យាករណ៍​កាលពីឆ្នាំ២០០៩ ដែលថាតម្រូវការនឹងកើនដល់ ១៧-២០ភាគរយ»

គួររំលឹកថាកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ ចំនួនជាង ៧៧ភាគរយនៃសមាជិកសភាវៀតណាម បានឯកភាពលើគោលនយោបាយ​វិនិយោគលើគំរោង​សាងសង់រោង​ចក្រនុយក្លេអ៊ែរ Ninh Thuan ដែលអាចមានសមត្ថភាព​ផលិតថាមពលអគ្គិសនីបាន ២,០០០ មេហ្គាវ៉ាត់ ប៉ុន្តែការឯកភាពនេះ​មិន​បានធ្វើឲ្យមជ្ឈដ្ឋានជារួម​មានការសប្បាយចិត្តនោះ​ឡើយ ដោយមួយចំនួនបាន​ស្នើឲ្យរដ្ឋាភិបាល​គិតគូឡើងវិញអំពីការកសាងរោងចក្រ​ថាមពលដែលអាច​ផ្តល់ផលអវិជ្ជមានមកវិញនេះ៕