(អាមេរិក)៖ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត លោក Donald Trump បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកហើយ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងពេលវេលាយប់ថ្ងៃទី០៨ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក ! សូមស្វែងយល់ពីប្រវត្តិរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ត្រាំ ជាអ្នកណា ហើយមកពីណា ?

ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់បេក្ខជនប្រធានាធិបតីរូបនេះ៖

 

ព័ត៌មានទូទៅ៖
•  ទីកំណើត៖ កើតនៅទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ បច្ចុប្បន្នមានវ័យ៧០ឆ្នាំ
•  ទីលំនៅបច្ចុប្បន្ន៖ ទីក្រុង ញ៉ូវយ៉ក
•  មុខរបរ៖ ពាណិជ្ជករ តួអង្គល្បីក្នុងកម្មវិធីទូរទស្សន៍ និងអ្នកនយោបាយ
•  បក្សនយោបាយ៖ បក្សសាធារណរដ្ឋ (ពីឆ្នាំ១៩៨៧-១៩៨៨ ពីឆ្នាំ២០០៩ ដល់២០១១ ពីឆ្នាំ២០១២ដល់បច្ចុប្បន្ន) បក្សឯករាជ្យ (ពីឆ្នាំ២០១១ ដល់២០១២) បក្សប្រជាធិបតេយ្យ (ឆ្នាំ១៩៨៧ ឆ្នាំ២០០១ដល់ឆ្នាំ២០០៩) បក្សកំណែទម្រង់ (ពីឆ្នាំ១៩៩៩ ដល់ ២០០១)។
•  ភរិយា និងកូន៖ លោកស្រី Ivana Zelnickova (រៀបការពីឆ្នាំ១៩៧៧ ដល់ ១៩៩១ មានកូនបីនាក់ គឺ លោក Donald Trump Jr.  នាង Ivanka Trump លោក Eric Trump) លោកស្រី Marla Maples (រៀបការពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ មានកូនស្រីម្នាក់ គឺអ្នកនាង Tiffany Trump) លោកស្រី Melania Knauss (រៀបការនៅឆ្នាំ២០០៥ ដល់បច្ចុប្បន្នមានកូនម្នាក់គឺ Barron Trump) និងមានចៅប្រាំបីនាក់។ សរុបលោកមានប្រពន្ធ៣នាក់។
•  ឪពុកម្តាយ៖ លោក Fred Trump និងលោកស្រី Mary Anne MacLeod
•  ខ្សែស្រឡាយ៖ លោក Trump មានឳពុកកាត់អាឡឺម៉ង់ ចំណែកម្តាយកាត់ជនជាតិស្កត់ឡែន។ ជីដូនជីតា ទាំងសងខាងសុទ្ធតែកើតនៅក្រៅដែនដីសហរដ្ឋអាម៉េរិក។

លោក Donald John Trump ជាកូនទីពីរក្នុងចំណោមកូន៥នាក់ របស់អ្នកស្រី Mary និងលោក Fred Trump។ បងប្អូនទាំងអស់សុទ្ធតែនៅមានជីវិត លើកលែងតែបងប្រុសបង្អស់គឺលោក Fred Jr. បានស្លាប់ក្នុងឆ្នាំ១៩៨១ ដោយសារជាតិអាកុល។ ចំណុចនេះហើយដែលធ្វើឲ្យលោក Trump ស្បថខ្លួនឯងថា លោកនឹងមិនប៉ះពាល់ជាតិអាកុល និងបារីឡើយ។ ដោយសារមាន​បញ្ហាផ្នែកឥរិយាបទ លោក Trump បានឈប់រៀនតាំងពីអាយុ១៣ឆ្នាំ និងចុះឈ្មោះចូលរៀននៅសាលា​យោធាក្នុង​ទីក្រុងញ៉ូវយ៉ក ព្រមទាំងចូលរួមធ្វើសមយុទ្ធ ពាក់ឯកសណ្ឋាន និងទទួលបានតួនាទីជាកាពីតែន​ថែមទៀតផង។ ឪពុករបស់លោកបានប្រាប់អ្នកសារព័ត៌មានថា លោកជាមនុស្សម្នាក់ដែលមានចរិតគ្រោតគ្រាតតាំងពីតូចមក។  

លោក Trump បានចូលសិក្សានៅសកលវិទ្យាល័យ Fordham អស់រយៈពេលពីរឆ្នាំ ក្រោយមកត្រូវបានផ្ទេរទៅសាលា Wharton សិក្សាផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Pennsylvania ដែលផ្តល់ការបង្រៀនផ្នែកអចលនាទ្រព្យ នៅសហរដ្ឋអាមេរិក។ ខណៈកំពុងសិក្សាលោកបានធ្វើការនៅក្រុមហ៊ុន មានលក្ខណៈជាក្រុមគ្រួសារមួយ​ដែលមានឈ្មោះថា Elizabeth Trump & Son ជាឈ្មោះរបស់ជីដូនជីតាខាងឪពុករបស់លោក។ លោក Trump បញ្ចប់ការសិក្សាពីសាលា Wharton កាលពីខែឧសភា ឆ្នាំ១៩៦៨ ផ្នែកវិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។

ក្នុង​ឆ្នាំ១៩៩៨ បន្ទាប់ពីលែងលះជាមួយភរិយាពីរនាក់មក លោក Trump ក៏ចាប់ផ្តើមទំនាក់ទំនងជាមួយនាង Melania Knauss ដែលជាតារាបង្ហាញម៉ូត និងជាជនជាតិស្លូវ៉ានី ដែលបច្ចុប្បន្នជាភរិយា​ទីបីរបស់លោក។ តាមសារព័ត៌មានមួយបានបង្ហើបឲ្យដឹងថា ភរិយារបស់លោកធ្លាប់ធ្វើជាស្ត្រីលក់ខ្លួនម្នាក់តែមិនបើកចំហនោះទេ។ ក្រោយមកពួកគេបានបង្កើតបានកូនប្រុសម្នាក់ មានឈ្មោះថា Barron William Trump ដែលក្រោយមកលោក Trump បានប្រើប្រាស់ ឈ្មោះនេះដាក់ជាឈ្មោះអាជីវកម្មថ្មី​របស់លោកថែមទៀតផង។

បេក្ខជនប្រធានាធិបតីរូបនេះ ជាមនុស្សដែលមានភាពខ្ពើមរអើមច្រើន ហេតុនេះលោកមិនចូលចិត្តវប្បធម៌ចាប់រលាក់ដៃឡើយ។ ក្នុងកម្មវិធី The Howard Stern Show លោក Trump បានពិភាក្សាជាមួយលោក Stern ពីហនីភ័យដែលបណ្តាលមក​ពីការឆ្លងរោគក្នុង​ពេលណាត់​ជួបគ្នា។ លោក Trump ក៏បានបង្ហាញពីបទពិសោធន៍ក្នុងទំនាក់ទំនងជាមួយស្ត្រីផ្សេងៗ។ លោកធ្លាប់មានពាក្យចចាមរ៉ាមថា បានណាត់ជួបជាមួយតារាម៉ូដែលល្បីៗដូចជា នាង Carla Bruni នាង Kara Young តាំងពីពាក់កណ្តាល រហូតដល់ចុងទសវត្សរណ៍ឆ្នាំ១៩៩០ តែត្រូវនាងបដិសេធថា បានជួបលោក Trump តែម្តងប៉ុណ្ណោះ។ លោកក៏បានអះអាងថាធ្លាប់បានជូនព្រះនាង Diana ជាមួយនឹងបាច់ផ្កាដ៏មានតម្លៃថ្លៃផងដែរ បន្ទាប់ពីព្រះនាងលែងលះពីព្រះអង្គម្ចាស់ Charles។

 

* ការប្រឡូងនយោបាយជាលើកដំបូង៖
លោក Trump តែងតែផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនជាច្រើនលើកច្រើនសារ និងផ្ទុយគ្នាពីមួយពេលទៅមួយពេល។ សារព័ត៌មាន Politifact ធ្លាប់បានរាប់ពីចំនួនដងនៃការនិយាយស្តីរបស់លោក Trump ហើយបានឲ្យដឹងថា រឿងខ្លះលោកធ្លាប់បាននិយាយ១៧ដង ប៉ុន្តែបន្ទាប់មកលោកបដិសេធថា ខ្លួនមិនបាននិយាយក៏មាន។​ លោក Trump ធ្លាប់បានបង្ហាញការចាប់អារម្មណ៍​ក្នុងការឈរ​ឈ្មោះបោះ​ឆ្នោតជាលើកដំបូងតាំងពីឆ្នាំ១៩៨៧មកម្ល៉េះ ដោយលោកបានចំណាយប្រាក់រហូតដល់១០០ពាន់ដុល្លារ ដើម្បីចុះផ្សាយអត្ថបទលើសារព័ត៌មានរិះ​គន់ទៅលើគោលនយោបាយ​ការពារជាតិ​ សហរដ្ឋអាមេរិក ក្នុងកាសែតមួយចំនួន។ លោកបានបន្តអូសបន្លាយ​បំណងក្នុងការឈរឈ្មោះ​ជាប្រធានាធិបតី​រហូតដល់ឆ្នាំ​១៩៨៨ ឆ្នាំ២០០៤ និងឆ្នាំ២០១២ និងមានបំណងឈរឈ្មោះ​ធ្វើជាអភិបាលក្រុងញ៉ូវយ៉ក ក្នុងឆ្នាំ២០០៦ និងឆ្នាំ២០១៤ យ៉ាងនេះក្តីលោកមិនបានចូលរួមក្នុងការបោះឆ្នោតទាំងនោះឡើយ។

ភាពលេចធ្លោរបស់លោក Trump ក្នុងនាមជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ ដោយសារលោកជាពាណិជ្ជករម្នាក់ មិននិយាយ ឬគិតដូចអ្នកនយោបាយឡើយ។ ជាទូទៅលោកទទួលបានសម្លេងគាំទ្រទាបជាង១៧ភាគរយដែលលោក មិនអាចឲ្យក្លាយជាបេក្ខជនបក្សសាធារណរដ្ឋបានឡើយ។ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ លោកបានប្រកាសថា លោកនឹងមិនឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១២ឡើយ ខណៈដែលពេលខ្លះលោកលើកឡើងទាំងអំណួតថា លោកប្រាកដជាទទួលបានជោគជ័យ។

 

* យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦៖
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក Trump បានប្រកាសពីបេក្ខភាពប្រធានាធិបតី សម្រាប់សហរដ្ឋអាមេរិក នៅអគារ Trump Tower ក្នុងទីក្រុងញ៉ូវយ៉ក។ ក្នុងពេលនោះលោកបានអូសទាញចំណាប់អារម្មណ៍ លើបញ្ហាក្នុងស្រុកដូចជា វិបត្តិជនអន្តោប្រវេសន៍ខុសច្បាប់ វិបត្តិការងារ បំណុលជាតិ បទឧក្រិដ្ឋ ភេរវកម្មពួកឥស្លាមជាដើម។ ក្នុងពាក្យស្លោកក្នុងយុទ្ធនាការរបស់លោកបានសរសេរថា «ធ្វើឲ្យសហរដ្ឋអាមេរិកប្រសើរឡើងសារជាថ្មី»។ លោកបានចាត់ទុកខ្លួនឯងជាមនុស្សអភិរក្សនិយម ជាពិសេសលើផ្នែកពន្ធ និងសាសនា។ យុទ្ធនាការរបស់លោកក៏បានផ្តោតទៅលើភាពស្នេហាជាតិផងដែរ។ ក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតកន្លងមក មានការផ្ទុះអំពើហិង្សាបាតុកម្ម ព្រមទាំងមានការវាយប្រហារគ្នាទៅវិញទៅមក ដែលការប្រឈមមុខដាក់គ្នានេះបានកើតឡើងរវាងក្រុមអ្នកប្រឆាំង និងអ្នកគាំទ្រលោក Trump។

គួរបញ្ជាក់ថា លោក Trump ជាមនុស្សទីពីរក្នុងនាមជាបេក្ខជនប្រធានាធិបតី ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានបទពិសោធន៍ខ្ពស់ផ្នែកពាណិជ្ចកម្ម (ទីមួយគឺលោក Wendell Willkie)។ ប្រសិនបើជាប់ឆ្នោត លោកនឹងក្លាយជាប្រធានាធិបតីអាមេរិកទីមួយ ដែលគ្មានបទពិសោធន៍ផ្នែករដ្ឋាភិបាល ឬយោធា។ មេដឹកនាំសំខាន់របស់បក្សសាធារណរដ្ឋដូចជាលោក Paul Ryan ជាដើម ហាក់មានភាពស្ទាក់ស្ទើរក្នុងការគាំទ្របេក្ខជនប្រធានាធិបតីរូបនេះ តាំងពីការចាប់ផ្តើមមកម្ល៉េះ ដោយបារម្ភថា តើលោកអាចមានឱកាសឈ្នះឆ្នោតឬទេ ម្យ៉ាងទៀតពួកគេមានក្តីបារម្ភខ្លាចលោក Trump អាចក្លាយជារូបភាពអាក្រក់មួយដែលបង្កផលប៉ះពាល់ដល់បក្សសាធារណរដ្ឋទាំងមូល។

សេចក្តីថ្លែងការណ៍របស់លោក ក្នុងយុទ្ធនាការបោះឆ្នោត បានបង្កការវិវាទគ្នាជាខ្លាំង និងត្រូវបានគេពណ៌នាក្នុងរូបភាពខុសៗគ្នា ដោយអ្នកខ្លះចាត់ទុកថា ជាភាពខុសឆ្គងទាំងស្រុងតែម្តង។ អង្គការត្រួតពិនិត្យការឃោសនាមួយចំនួនដូចជា អង្គការ​ PolitiFact និង FactCheck.org បានចាត់ទុកលោកតែម្នាក់គត់ ដែលមានកំហុសច្រើនក្នុងពេលធ្វើសេចក្តីថ្លែង ក្នុងអំឡុងនៃការធ្វើយុទ្ធនាការ បើប្រៀបធៀបនឹងបេក្ខជនប្រធានាធិបតីផ្សេងទៀត ដោយពឹងផ្អែកលើការវិភាគរបស់ពួកគេ។

អ្នកសារព័ត៌មាន James Oliphant និង Emily Flitter បានលើកឡើងថា លោក Trump ជាមនុស្សចូលចិត្តនិយាយបំផ្លើស ស្របពេលដែលសាស្ត្រាចារ្យ Lucas Graves បានបញ្ជាក់ថា លោក Trump តែងតែនិយាយបែបផ្តល់យោបល់ ដែលធ្វើឲ្យវាមានភាពមិនច្បាស់លាស់ថា តើលោកចង់មានន័យអ្វីឲ្យបា្រកដ។ ដោយឡែកលោក Trump បែរជាឆ្លើយតបវិញថា អ្នកសារព័ត៌មានតែង​តែ​បំផ្លើសអ្វីដែលលោកមិនបាននិយាយទៅវិញ។

 

* មុខរបរ និងអាជីវកម្ម៖
•  វិស័យអចលនទ្រព្យ៖ លោកTrump ចាប់ផ្តើមមុខរបរក្នុងវិស័យអចលនទ្រព្យ នៅក្រុមហ៊ុនឪពុករបស់លោក តាំងពីមុនបញ្ចប់ការសិក្សាម្ល៉េះ។ នៅពេលលោកបញ្ចប់ការសិក្សាឆ្នាំ១៩៦៨ អាជីវករវ័យក្មេងរូបនេះមានប្រាក់ចំនួន២០ម៉ឺនដុល្លារ ដែលស្មើនឹង១,០២០,០០០ដុល្លារសម្រាប់ឆ្នាំ២០១៥។ ឆ្នាំ១៩៧២ លោកបានលក់វីឡាមួយក្នុងតម្លៃទឹកប្រាក់៦.៧៥លានដុល្លារ។ តែនៅក្នុងវ័យ២៣ឆ្នាំ លោកត្រូវបរាជ័យក្នុងមុខរបររបស់ខ្លួន។
•  អគារ Trump Tower ៖ ក្នុងឆ្នាំ១៩៨៣ លោកបានសាងសង់អគារនេះ ដែលមានកំពស់៥៨ជាន់ និងខ្ពស់ជាងគេក្នុងទីក្រុង ញ៉ូវយ៉ក។
•  Trump Plaza ៖ ជាសណ្ឋាគារ និងកាស៊ីណូ ដែលត្រូវបានកសាងឡើងដោយលោក Trump ក្នុងទីក្រុងអាត្លង់ទិកនាឆ្នាំ១៩៨៤ ដោយមានលោកស្រី Ivana ភរិយាទីមួយ របស់លោកគ្រប់គ្រង។ ក្រៅពីនេះ លោក Trump នៅមានទីតាំង និងអាជីវកម្មជាច្រើនទៀត។

 

* ការដួលរំលំ៖
ក្នុងនាមជាម្ចាស់សណ្ឋាគារ និងកាស៊ីណូ  លោកបានប្រកាសពីការដួលរលំរហូតដល់៤ដង ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០០៩ ដោយធ្វើកិច្ចចរចាជាច្រើនលើកអំពីបំណុលជាមួយធនាគារ ម្ចាស់ភាគហ៊ុន និងប័ណ្ណបំណុល។ តែដោយកាលនោះអាជីវកម្មបានប្រើប្រាស់ច្បាប់នៃការដួលរលំជំពូកទី១១ ដែលចែងថា គេអនុញ្ញាតឲ្យអាជីវកម្មបន្តសកម្មភាពរបស់ខ្លួនដដែលក្នុងដំណើរការនៃកិច្ចចរចា។ លោក Trump បានលើកឡើងថា «ខ្ញុំបានបន្តអាជីវកម្មជាមួយច្បាប់ នៃការដួលរលំ វាពិតជាល្អមែនទែនសម្រាប់ខ្ញុំ ដែលអាចប្រើប្រាស់ជាមធ្យោបាយក្នុងការដោះស្រាយបំណុល។

 

*​ កេរ្តិ៍មរតក និងអ្វីដែលទទួលបាន៖
ក្នុងឆ្នាំ១៩៩៦ លោកទទួលបានអគារចាស់មួយនៅ Wall Street ដែលបច្ចុប្បន្នមាន៧០ជាន់។ បន្ទាប់ពីឪពុករបស់លោកស្លាប់ទៅ លោកព្រមទាំងបងប្អូនទទួលបានកេរ្តិ៍មរតក ដែលមានតម្លៃ​ជាទឹកប្រាក់ម្នាក់ៗ​ប្រហែល២៥០លាន ទៅ៣០០លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០០១ លោកសម្រេចបាននូវការសាងសងអគារ Trump World Tower ដែលកំពស់មាន៧២ជាន់។ មិន​តែប៉ុណ្ណោះលោកក៏គ្រោងនឹងកសាងអគារ Trump Place ដែលស្ថិតនៅតាមបណ្តោយដងទន្លេ Hudsonផងដែរ។ មិនតែប៉ុណ្ណោះលោកនៅតែបន្តកសាងអគារសំខាន់ៗជាច្រើនទៀត ដែលមាន​តម្លៃកប់ពពក។ មានភាពស្មុគស្មាញជាច្រើនពាក់ព័ន្ធនឹងប្រាក់ចំណូលក្នុងអាជីវកម្មរបស់លោកធ្វើឲ្យ ការវិភាគបានលើកឡើងថា លោកជាមនុស្សដែលអំណួតខ្លាំងទាំងទៅលើភាពបរាជ័យ និងជោគជ័យ​លើអាជីវកម្មរបស់ខ្លួន។

 

* បញ្ហាសង្គម៖
លោក Trump បានចាត់ខ្លួនឯងជាមនុស្សដែលប្រឆាំងការពន្លូតកូន លើកលែងតែក្នុងករណីរំលោភ សាហាយស្មន់ និងសុខភាពរបស់ម្តាយ។ លោកគាំទ្រចំពោះការរៀបការតាមបែបប្រពៃណី តែប្រឆាំងសេចក្តីសម្រេចរបស់តុលាការដែលបានផ្តល់ភាពស្របច្បាប់ដល់ការរៀបការភេទដូចគ្នា ដោយបញ្ជាក់ថា សេចក្តីសម្រេចនេះគួរតែត្រូវបានលុបចោល។ លោកប្រឆាំងការកែច្នៃសារធាតុកញ្ឆា ប៉ុន្តែគាំទ្រចំពោះថ្នាំដែលមានសារធាតុកញ្ឆា។ លោក ក៏មានជាមនុស្សដែលគាំទ្រទោសប្រហារជីវិតផងដែរ។

 

* បញ្ហាសេដ្ឋកិច្ច៖
លោក Trump ត្រូវបានគេចាត់ទុកថា ថា «អ្នកជំនួញបែបសេរី» ប៉ុន្តែបញ្ជាក់ថា ការធ្វើជំនួញ ត្រូវតែមានហេតុផលត្រឹមត្រូវ។  លោកជាមនុស្សដែល «ការពារនិយម» (លើកកម្ពស់ការប្រើប្រាស់​ផលិតផលក្នុងស្រុក តាមរយៈការបង្កើនពន្ធនាំចូល)។ លោកបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ជាទំនាក់ទំនងពាណិជ្ជកម្មដ៏ខាតបង់មួយ។ លោកក៏បានស្នើ​បង្កើនពន្ធនាំចូលពីសំណាក់ប្រទេសចិនរហូតដល់៤៥ភាគរយ ព្រមទាំងបានលើកឡើងនូវគំនិតក្នុងការបង្កើនពន្ធ៣៥ភាគរយសម្រាប់ ការនាំចូលពីប្រទេស ម៉ិចស៊ិក។ លោកបានចាត់​ទុកអង្គការ​ពាណិជ្ជកម្មពិភពលោក WTO ថាជាគ្រោះមហន្តរាយ និងមានបំណងចង់ធ្វើកិច្ចចរចាសម្រាប់សហរដ្ឋអាមេរិក ក្នុងការចាកចេញពីអង្គការពិភពលោកមួយនេះថែមទៀតផង លើកលែង​តែអង្គការ​នេះអនុញ្ញាតតាមសំណើររបស់លោកក្នុងការបង្កើនពន្ធនាំចូល។  

 

* វិស័យសុខាភិបាល ការអប់រំ និងបរិស្ថាន៖
លោក Trump មានបំណងចង់លុបចោល ឬផ្លាស់ប្តូរគោលនយោបាយសុខាភិបាលរបស់លោក អូបាម៉ា ជំនួសវិញដោយគម្រោងទីផ្សារសេរី free-market plan ដែលគម្រោងនេះ អនុញ្ញាតឲ្យមាន​ការលក់ធានារ៉ាប់រងសុខភាព អាចឲ្យប្រជាពលរដ្ឋម្នាក់ៗកាត់បន្ថយការចំណាយ ពង្រីកគណនីសន្សំសំចៃលើវិស័យសុខាភិបាល និងបង្កើនការគ្រប់គ្រងលើផ្នែកឱសថ។ ចំពោះវិស័យ​អប់រំ លោកបាន​គាំទ្រចំពោះគោលនយោបាយគ្រប់គ្រងលើសាលាថ្នាក់បឋម និងមធ្យម។ ប៉ុន្តែលោកប្រឆាំងនឹងគោលការ Common Core State Standards Initiative (តម្រូវឲ្យសិស្សត្រូវចេះភាសាអង់គ្លេស និងគណិតវិទ្យា) សម្រាប់ថ្នាក់បឋម និងថ្នាក់មធ្យម ព្រមទាំងចាត់ទុកគោលនយោបាយនេះថា ជារឿងដ៏អាក្រក់ ដែលត្រូវតែលុបបំបាត់។ លោកបានបញ្ជាក់ថា លោកនឹងបញ្ចប់គោលនយោបាយនេះ នៅគ្រប់ស្ថាប័នអប់រំទាំងអស់។

ទាក់ទងនឹងបញ្ហាបរិស្ថាន លោកបានបង្ហាញការបដិសេធចំពោះការលើកឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ព្រមទាំងអះអាងម្តងហើយម្តងទៀតថា វិបត្តិកំណើនកំដៅផែនដី ជាការបោកបញ្ឆោត។ លោកសន្យាថានឹងកាត់កញ្ចប់ថវិកាមកវិញទាំងអស់។ លោកក៏បានសន្យាផងដែរ ក្នុងការលុបចោលនូវកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ដែលទាមទារឲ្យកាត់បន្ថយការបញ្ចេញសារធាតុកាបូន ក្នុង១៧០ប្រទេស ដោយប្រកាសថា កិច្ចព្រមព្រៀងនេះមានលក្ខណៈមិនស្មើភាព និងហាក់លំអៀងទៅប្រទេសមួយចំនួនទៀតដូចជាចិនជាដើម។

 

* គោលនយោបាយការបរទេស៖
លោក Trump ត្រូវបានគេចាត់ទុកថា ជាមនុស្សជាតិនិយម ប្រឆាំងគោលនយោបាយអន្តរជាតិនិយម។ លោកគាំទ្រចំពោះការចំណាយលើវិស័យយោធាក្នុងប្រទេស តែចង់កាត់បន្ថយការចំណាយ​លើអង្គការណាតូ និងក្នុងតំបន់ប៉ាស៊ីហ្វិក។

បេក្ខជនប្រធានាធិបតីដ៏ចម្លែករូបនេះ បានបញ្ជាក់ថា យើងគួរតែសំលឹងពីផ្ទៃក្នុងប្រទេស ចាប់ផ្តើមប្រើប្រាស់ធនធានដើម្បីបំពេញតម្រូវការក្នុងស្រុកឲ្យបានគ្រប់គ្រាន់។ បុគ្គលស្នេហាជាតិរូបនេះ បាន​លើកឡើងថា ប្រសិនបើលោកជាប់ជាប្រធានាធិបតី លោកនឹងពង្រីកការធានារ៉ាប់រងសន្តិសុខសម្រាប់ប្រទេសជាសមាជិករបស់អង្គការណាតូ មិនតែប៉ុណ្ណោះលោកអាច​ពិចារណាចាកចេញ​ពីអង្គការ NATO ថែមទៀតផង លើកលែងតែមានកំណែទម្រង់លើប្រទេសសម្ព័ន្ធមិត្ត។ ជាមួយគ្នានេះដែរ លោកបានស្នើរដ្ឋាភិបាលជប៉ុន ជួយចំណាយលើមូលដ្ឋានយោធាអាមេរិកដែលដាក់ពង្រាយនៅទីនោះ ព្រមទាំងលើកឡើងថា ជប៉ុនគួរតែអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ក្នុងគោលដៅការពារខ្លួនពីការគំរាមកំហែងរបស់ប្រទេស កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងការ​ទប់ស្កាត់ពួកឧទ្ទាម ISIS លោកបានស្នើបញ្ជូនយោធាអាមេរិកពី ២០ពាន់ ទៅ៣០ពាន់នាក់បន្ថែមទៅកាន់តំបន់។ លោកក៏បានទាមទារផងដែរឲ្យប្រទេស​ជាសម្ព័ន្ធមិត្តដូច​ជាអារ៉ាប៊ីសា​អូឌីត​ជាដើមគួរតែបញ្ជូនយោធាចូលរួមក្នុងការវាយប្រហារនេះ។ លោកគិតថា តំបន់ប្រេងក្រោមការគ្រប់គ្រងរបស់ ISIS គួរតែត្រូវបានទម្លាក់គ្រាប់បែកកំទេចចោល។

ក្នុងករណីលោកជាប់ជាប្រធានាធិបតី លោក Trump នឹងបញ្ឈប់ផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងនុយកេ្លអ៊ែរជាមួយប្រទេសអ៊ីរ៉ង់។ ដោយឡែកពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន លោកTrump បានបញ្ជាក់ថា វាពិតជាមានសារៈសំខាន់ជាទីបំផុតក្នុងការប្រកាន់ជំហរអព្យាក្រឹត ប៉ុន្តែការពិតទៅលោកជាអ្នកគាំទ្រផ្កាប់មុខទៅលើប្រទេស អ៊ីស្រាអែល។

ពាក់​ព័ន្ធជាមួយបញ្ហារុស្ស៊ីវិញលោកហាក់មានលំអៀងទៅរុស្ស៊ី ដោយបញ្ជាក់ថាលោកអាចនឹងពិចារណាពីការដកទណ្ឌកម្មពីប្រទេសនេះ។ មិនតែប៉ុណ្ណោះរុស្ស៊ី អាចជួយសហរដ្ឋអាមេរិកក្នុងការបង្ក្រាបពួក ISISផងដែរ។ ក្នុងបទសម្ភាសន៍ដដែល លោក សង្ឃឹមថា រុស្ស៊ី អាចជួយរកឃើញសាររបស់លោកស្រី Hillary Clinton ដែលបានបាត់នាពេលកន្លងមក ដោយបានថ្លែងទៅកាន់រុស្ស៊ីថា ប្រសិនបើរុស្ស៊ី​យកចិត្តទុកដាក់ទៅលើរឿងនេះ រុស្ស៊ីអាចជួយរកសាររបស់លោកស្រីដែលបានបាត់រហូតដល់៣ម៉ឺនសារ។ ប៉ុន្តែនៅថ្ងៃបន្ទាប់ លោកបានលើកឡើងថា នេះជាការបញ្ឈឺចិត្តប៉ុណ្ណោះ។

 

* គោលនយោបាយជនអន្តោប្រវេសន៍៖
គោលនយោបាយជនអន្តោប្រវេសន៍របស់លោក Trump ត្រូវបានគេលើកយកមកពិភាក្សាយ៉ាងផុសផុលក្នុងចំណោម គោលនយោបាយផ្សេងៗទៀតក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក​បានប្តេជ្ញាក្នុងការកសាងជញ្ជាំងនៅតាមបន្ទាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិចស៊ិក ដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ ដែលលោកនឹងចំណាយដោយផ្ទាល់ទៅលើការសាងសង់ទាំងអស់។ លោកក៏នឹងបង្កើតកងកម្លាំងពិសេស ដើម្បីបណ្តេញជនអន្តោប្រវេសន៍១១លាននាក់ដែលរស់នៅសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា «នៅថ្ងៃទីមួយរបស់លោកក្នុងនាមជាប្រធានាធិបតី ជនអន្តោប្រវេសន៍​ខុសច្បាប់ ទាំងអស់នឹងត្រូវចាកចេញយ៉ាងឆាប់រហ័ស»។ ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញការប្រឆាំងចំពោះការទទួលបានសិទ្ធជាប្រជាពលរដ្ឋដោយសារការចាប់កំណើតនៅអាមេរិកផងដែរ។

កាលពីចុងខែសីហាកន្លងទៅនេះ លោក បានស្នើនិរទេសគ្រប់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ លោកបានធ្វើទស្សនកិច្ចនៅប្រទេស ម៉ិចស៊ិក ព្រមទាំងជួបជាមួយប្រធានាធិបតី Enrique Peña Nieto doy ដើម្បីបង្ហាញពីបំណងដែលលោកចង់បង្កើនទំនាក់ទំនងជាមួយប្រទេសនេះ។ យ៉ាងនេះក្តីក្នុងកិច្ចពិភាក្សានារាត្រីនោះ លោក បានបង្ហាញពីគម្រោង​១០ចំណុច ដែលក្នុងនោះរួមទាំងការកសាងជញ្ជាំងតាមបណ្តោយបន្ទាត់ព្រំដែនផងដែរ ដោយលោកផ្ទាល់ជាអ្នកចំណាយទាំងអស់។ លោកបញ្ជាក់ផងដែរថា កងកម្លាំងពិសេស​ទទួលបន្ទុកផ្នែកជនអន្តោប្រវេសន៍ នឹងត្រូវដាក់ទោសពីបទឧក្រិដ្ឋទៅលើជនអន្តោប្រវេសន៍ណា ដែលស្នាក់នៅក្នុងដែនដីសហរដ្ឋអាមេរិកជាមួយទិដ្ឋាការលើសសុពលភាព។

អ្វីដែលជាសំណើររបស់លោក Trump ដែលកំពុងមានភាពវិវាទជាខ្លាំងនោះគឺ គម្រោងហាមឃាត់ជាបណ្តោះអាសន្នទៅលើជនបរទេសមូស្លីម ក្នុងដែនដីសហរដ្ឋអាមេរិក។ តែក្រោយមកលោកបានផ្លាស់​ប្តូរគោលនយោបាយនេះវិញដោយលើកឡើងថា ការហាមឃាត់នេះនឹងធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋមូស្លីម ដែលមកពីបណ្តាប្រទេសធ្លាប់មានប្រវត្តិបង្កការវាយប្រហារភេរវកម្មប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ឬប្រទេសដែលមានជម្រកពួកភេរវករ៕