(វ៉ាស៊ីនតោន)៖ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះពោលនៅថ្ងៃទី០៨ ខែវិច្ឆិកា (ម៉ោងនៅក្នុងទីក្រុង Washington) គ្រប់គ្នានឹងដឹងថា តើរវាងលោក ដូណាល់ ត្រាំ និងលោកស្រី ហ៊ីលឡារី​ គ្លីនតុន នរណានឹងក្លាយជាប្រធានាធិបតី​សហរដ្ឋអាមេរិកទី៤៥ នៅក្រោយការរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនីមួយៗនៅក្នុងរដ្ឋ​ទំាង៥០ត្រូវបញ្ចប់ និងតាមរយៈការកំណត់លទ្ធផលនៅលើផែនទី ដោយកំណត់យកព័ណ៌ក្រហមតំណាងឱ្យគណបក្សសាធារណរដ្ឋ រីឯពណ៌ខៀវសម្រាប់គណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការបោះឆ្នោតនឹងចាប់ផ្ដើមនៅម៉ោង ៦៖០០ ឬ ៧៖០០នាទីព្រឹកទៅតាមរដ្ឋនីមួយៗ ខណៈការរាប់សន្លឹកឆ្នោតដំបូង​នឹងត្រូវធ្វើឡើង​នៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅម៉ោង ៧៖០០នាទីយប់ថ្ងៃ​ទី០៨ ខែវិច្ឆិកា ត្រូវនឹងម៉ោង ប្រមាណជា ៧៖០០នាទីព្រឹកថ្ងៃទីនៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍ការរាប់សន្លឹកឆ្នោតនឹងចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីយប់ នៅពេលមណ្ឌលបោះឆ្នោតនៅក្នុង រដ្ឋ Georgia, South Carolina, Vermont, Indiana និង Kentucky ជាដើម។​ ចំណែកឯ កន្លះម៉ោង ក្រោយ​មក ភាពភ្នាក់ផ្អើលអាចនឹងកើតឡើងនៅក្នុងការប្រកួត ប្រជែងដ៏សំខាន់នៅក្នុងរដ្ឋ Ohio និងរដ្ឋ North Carolina ដែលមាន ១៥ និង ១៨ Electoral College ឬក៏រដ្ឋ Florida ដែលមាន ២៩ Electoral Colleges។

គួរបញ្ជាក់ថារដ្ឋ Ohio គឺរដ្ឋរបស់អ្នកប្រជាធិបតេយ្យហើយរដ្ឋ North Carolina មាននិន្នាការបោះឆ្នោតឱ្យអ្នក សាធារណរដ្ឋ ប៉ុន្តែនៅអាណត្តិនេះរដ្ឋទំាងពីរនេះ អាចនឹងធ្វើឱ្យអ្នកបោះឆ្នោត​ពិបាក​ក្នុងការជ្រើសរើស ប្រធានាធិបតីរបស់ពួកគេ ដោយសារតែភាពស្រពិចស្រពិលខ្លាំងលើផ្នែកនយោបាយ ដូច្នេះលទ្ធផលចុងក្រោយគឺមានតែត្រូវរង់ចាំតាមដានទាំងអស់គ្នាប៉ុណ្ណោះ៕