(វ៉ាស៊ីនតោន)៖ ទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបានលើកឡើងថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីនោះ រដ្ឋាភិបាលអាមេរិកថ្មីនេះ​នឹងបង្កើតទណ្ឌកម្មថ្មីៗថែមទៀត​ដែលនឹងផ្តល់ភាពឈឺចាប់យ៉ាងពិតប្រាកដទៅដល់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងន័យបង្ខំឲ្យរដ្ឋដ៏ឯកោនេះលះបង់​ចោលកម្មវិធីនុយក្លេអ៊ែរតែម្តង ដែលគោល​នយោបាយនេះគឺផ្ទុយទៅនឹងអ្វីលោក ដូណាល់ ត្រាំ ចង់បាន។ នេះបើ​តាម​ការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការវិភាគខាងលើនេះធ្វើឡើងដោយលោកស្រី Laura Rosenberger ទីប្រឹក្សាជំនិតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបន្ទុកផ្តល់ប្រឹក្សានយោបាយ ហើយលោកស្រីបានសង្កត់ធ្ងន់ទៀតថា «លោកស្រី គ្លីនតុន ជឿជាក់ថា យើងមិនអាច និងអនុញ្ញាតងាយៗឲ្យកូរ៉េខាងជើងធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយជោគជ័យ ដែលនឹងក្លាយជា​ការ​គំរាមកំហែងដ៏ធំធេងចំពោះអាមេរិកនោះឡើយ។ លោកស្រី គ្លីនតុន ជឿជាក់ថាអាមេរិកនឹងត្រូវតែធ្វើការជាមួយ​សម្ព័ន្ធមិត្តនានាដើម្បីបន្ថែមសម្ពាធទៅលើកូរ៉េខាងជើង។ កន្លងមកទណ្ឌកម្មត្រូវបានដាក់ ប៉ុន្តែលើកនេះយើងត្រូវតែ​បង្កើតទណ្ឌកម្ម​ដែលនឹងបង្កក្តីឈឺចាប់ពិតៗតែម្តងលើទីក្រុងព្យុងយ៉ាង»។

គួរបញ្ជាក់ថាប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនោះវាប្រាកដជារឿងភាគមួយដែលបន្តពីលំនាំនៃការដឹកនាំ​របស់ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ប៉ុន្តែអ្វីដែលនឹងក្តៅ​គគុកជាង​នេះទៅទៀតនោះ លោកស្រី គ្លីនតុន ត្រូវបានអ្នកវិភាគនានាអះអាងថានឹងដឹកនាំដោយប្រើឥទ្ធិពលខ្លាំងជាងលោក អូបាម៉ា ទៅទៀត ជាក់ស្តែងគឺ ចំណាត់ការទៅលើកូរ៉េខាងជើងតែម្តង។ ងាក​ទៅ​មើលលោក ដូណាល់ ត្រាំ វិញកាលពីពេលលោកឃោសនារក​សំឡេង​ឆ្នោតដំបូងៗ លោកធ្លាប់បង្ហាញចេតនាចង់កែសម្រួលទំនាក់ទំនងឲ្យជិតស្និតជាមួយនឹងកូរ៉េខាងជើងហើយជា​​ការឆ្លើយតបកូរ៉េខា​ង​ជើងក៏បានកោតសរសើរលោក ត្រាំ ផងដែរថាជាមេដឹកនាំចេះយល់កាលៈទេសៈ៕