(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តបានអះអាងថាការរញ្ជួយដីជាច្រើនលើកច្រើនសារនៅរដ្ឋ Oklahoma ភាគកណ្តាលសហរដ្ឋអាមេរិក គឺបណ្តាលមកពីការបូមយកប្រេង និងឧស្ម័នរ៉ែធម្មជាតិ​ដ៏ច្រើន​លើស​លប់​ក៏ដូចជាការបញ្ចេញចោលទឹកសំណល់ពីការចម្រាញ់ប្រេង និងឧស្ម័នទៅក្រោមដីនៅទីនោះផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនា​ល្ងាចថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

តួយ៉ាងកាលពីខែកញ្ញាកន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័របានវាយប្រហារមកលើរដ្ឋ Oklahoma ជាមួយនិងជម្រៅប្រហែល១៤.៤គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Pawnee ខណៈគ្រោះ​រញ្ជួយដី​មួយ​ទៀត​កម្រិត៤.៥រ៉ិចទ័របានអង្រួនតំបន់ភាគខាងជើងនៃរដ្ឋ Oklahoma ក្បែរទីក្រុង Pawnee ផងដែរ។

ចំណែកឯនៅយប់ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា រដ្ឋមួយនេះបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដី​មួយផ្សេងទៀតកម្រិត៥.០រ៉ិចទ័រនៅភាគខាងលិចទីក្រុង Cushing ដែលមានប្រជាជនរស់​នៅជិត​៨,០០០នាក់ និងជាកន្លែងដែលរោងចក្របូម និងស្តុកប្រេង «Cushing Tank Farm» ដ៏ធំជាងគេបង្អស់នៅលើពិភពលោក​កំពុងមានសង្វាក់ផលិតកម្មយ៉ាងខ្លាំងក្លាថែមទៀត។

គួរបញ្ជាក់ដែរថាការបូមប្រេង និងការបញ្ចេញទឹកសំណល់គីមីទៅក្រោមដី បច្ចុប្បន្នមិនបានបង្កជាគ្រោះរញ្ជួយដី​កម្រិត​ធ្ងន់ធ្ងរក៏ដូចជាការខូចខាតខ្លាំងប៉ុន្មាននោះឡើយដល់រដ្ឋ Oklahoma សហរដ្ឋអាមេរិកនៅឡើយទេ ប៉ុន្តែនៅពេលខាងមុខគ្រោះរញ្ជួយដីដែលបង្កឡើងដោយឧស្សាហកម្មប្រភេទនេះអាចនឹងធ្វើឲ្យមានជាសោកនាដកម្មមួយដ៏ធំជាក់ជាមិនខានឡើយនៅថ្ងៃអនាគត៕