(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ នឹងរក្សាសិទ្ធិ​ជំទាស់លទ្ធផលបោះឆ្នោតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ នៅក្នុងករណីដែលលទ្ធផលនេះសក្តិសមនឹង​ឱ្យគេជំទាស់ ហើយលោកក៏គ្រោងដាក់ពាក្យបណ្តឹងទៅកាន់តុលាការជុំវិញបញ្ហានេះដែរ។ នេះបើយោងតាម​លោក Mike Pence បេក្ខភាពអនុប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ដែលសារព័ត៌មា​ន Sputnik ដកស្រង់សម្តី​យកមកចុះផ្សាយនារសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ Fox News អភិបាលរដ្ឋ Indiana និងជាបេក្ខភាពអនុប្រធាន ធិបតីអាមេរិកលោក Mike Pence បានលើកឡើងវិញសាជាថ្មីនូវពាក្យសម្ដី ដែលមហាសេដ្ឋីអចនលទ្រព្យលោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា «យើងនឹងទទួលស្គាល់លទ្ធផលបោះឆ្នោត បើវាច្បាស់លាស់ និងត្រឹមត្រូវ។ ប៉ុន្តែបើសិនជាវាពិតជាសមនឹងឱ្យគេជំទាស់ ឬផ្ទុយទៅនឹងច្បាប់យើងនឹងនៅតែរក្សាសិទ្ធិដាក់ពាក្យបណ្ដឹង គ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន»

គួររំលឹកថានៅក្នុងវេទិកាជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍នៅឯទីក្រុង Las Vegas នៅថ្ងៃទី១៩ ខែតុលា លោក ត្រាំ បានបដិសេធក្នុងការសន្យាថាលោកនឹង ទទួលយកលទ្ធផលបោះឆ្នោត ហើយជាងនេះទៅទៀត នៅចំពោះមុខអ្នកគំាទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោត​នៅឯរដ្ឋ Ohio កាលពីថ្ងៃទី២០ ខែតុលា លោកថែមទំាងបាននិយាយថា លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោតបើសិនលោកជាអ្នកឈ្នះ៕