(វ៉ាស៊ីនតោន)៖ បើសិនជាលោក ដូណាល់ ត្រាំ អាចផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន នៅក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា នោះមានន័យថាលោកនឹងក្លាយជា មហាសេដ្ឋីជំនួញដំបូងគេ​ដែលកាន់ដំណែងជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ បើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post​ នៅរសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា នេះលោក ត្រាំ ត្រូវបានគេមើលឃើញថា អាចនឹងដើរតាមគន្លងរបស់មហាសេដ្ឋីមួយចំនួនដែលបាន​ប្រឡូកចូល​ឆាកនយោបាយ ដូចជាអតីតនាយករដ្ឋអ៊ីតាលី លោក Silvio Berluconi ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន លោក Petro Poroshenko ឬក៏អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាដើម ដែលធ្លាប់បានប្រដូចលោក ត្រាំ នឹងរូបលោកផ្ទាល់។

ជាការពិតណាស់ លោក ថាក់ស៊ីន ធា្លប់បានទទួលភាពបរាជ័យក្នុងជីវិតនយោបាយ និងកំពុងរស់នៅនិរទេសខ្លួន ហើយមិនតែប៉ុណ្ណោះលោកក៏ធ្លាប់បាន​ប្រឈមមុខផងដែរ​ទៅនឹងការចោទប្រកាន់​ពីបទ​ពុក​រលួយបន្ទាប់ពីគ្រួសារ​របស់លោកលក់ក្រុមហ៊ុនមួយក្នុងតម្លៃ ១.៨ពាន់លានដុល្លារដោយមិនបានបង់ពន្ធចូលរដ្ឋជាហេតុបង្កឱ្យមាន វិបត្តិនយោបាយនៅក្នុងប្រទេសថៃ បន្ទាប់ពីលោកធ្លាក់ចេញ​ពីតំណែង​នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០០៦ ដោយរដ្ឋប្រហារយោធាដូចនឹងប្អូនស្រីរបស់លោកផងដែរ។

ងាកទៅមើលកាលដើមឆ្នាំ២០១៦ លោក ថាក់ស៊ីន បានលើកឡើងនៅក្នុងសារព័ត៌មាន Financial Times ថា​រូបលោក និងលោក ដូណាល់ ត្រាំ​ មានចំណេះដឹងប្រហាក់ប្រហែល​គ្នានោះគឺចំណេះ​ដឹងក្នុង​ការចាប់ផ្ដើមធ្វើជា​អ្នកជំនួញ។ លោកបន្ថែមថា «នៅពេលដែលអ្នកជំនួញទទួល​បានជោគជ័យក្លាយជាអ្នកនយោបាយ ពួកគេនឹងផ្ដល់បរិយាកាស​ល្អ​ដល់នយោបាយនៅក្នុង​ប្រទេស»។ ការលើកឡើងបែបនេះ វាប្រាកដណាស់ថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មានទំនោរខ្លាំងទៅលើលោក ត្រាំ ហើយវាក៏ទំនងជាបង្ហាញថាប្រសិន​បើលោក ត្រាំ ជាប់នោះ​ទំនាក់ទំនង​រវាងថៃនិងអាមេរិក ក៏អាចនឹងកែប្រែមុខមាត់ថ្មីផងដែរ៕