(សេអ៊ូល)៖ លោក Lee Jung-hyun ប្រធានគណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង «Saenuri Party» បានថ្លែងនៅថ្ងៃចន្ទនេះថា លោកនឹងលាលែងពីតំណែងនាពេលអនាគតនាពេលឆាប់ៗខាងមុខ ប៉ុន្តែមិនមែនពេលនេះទេ ដើម្បីជាការឆ្លើបតបទៅទៅនឹង ការចលាចលដែលបានបង្កឡើងដោយរឿងអាស្រូវនយោបាយ នៃ​ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្នលោកនឹងបន្តរក្សាតំណែង​ដូចដើមដដែលសិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការថ្លែងឲ្យដឹងបែបនេះរបស់លោក Lee បានធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្ស Saenuri ជាច្រើននាក់ បានទាមទារឲ្យលោកចុះចេញពីតំណែង ដោយសម្អាងលើការលើកឡើងថាប្រធានគណបក្សសព្វថ្ងៃ គួរតែជាអ្នកទទួលខុសត្រូវចំពោះភាពបរាជ័យក្នុងការរកដំណោះស្រាយ ដ៏សក្តិសមមួយសម្រាប់រឿងអាស្រូវ ដែល​ស្ទើរតែធ្វើឲ្យកកស្ទះដល់កិច្ចការរដ្ឋនានា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យ៉ាងណាមិញប្រធានគណបក្សកាន់អំណាចរូបនេះ បានបដិសេធមិនលាលែងពីតំណែងភ្លាមៗនោះឡើយ ដោយលោកបានបានបន្ថែមថា «ខ្ញុំចង់ស្នើសុំពេលវេលាខ្លះដើម្បីគ្រប់គ្រងវិបត្តិនេះ និងជួយដល់ប្រធានាធិបតី ដែលកំពុងតែប្រឈមមុខនឹងបញ្ហាដ៏ធ្ងន់ធ្ងរ ហើយពួកយើងគួរតែរួមដៃគ្នាជំនួសឲ្យការឈ្លោះទាស់ទែងគ្នា ដើម្បីជម្នះវិបត្តិនយោបាយក៏ខ្មៅងងឹតមួយនេះ ហើយខ្ញុំនឹងចុះចេញពីតំណែងនាពេលអនាគត នៅពេលដែលខ្ញុំមើលឃើញថាបញ្ហាត្រូវបានដោះស្រាយចប់រួចរាល់»។

គួរបញ្ជាក់ដែរថាគណបក្សនយោបាយ Saenuri បាននិងកំពុងតែប្រឈមនឹងបញ្ហាដ៏ធំជាងគេបំផុតនៅក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួនជុំវិញរឿងអាស្រូវ និងការចោទប្រកាន់ថាមនុស្សជំនិតរបស់លោកស្រី ផាក គឺស្រ្តីឈ្មោះ Choi Soon-sil បានប្រើប្រាស់ទំនាក់ទំនងដ៏ជិតស្និត ជាមួយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសធ្វើជាឈ្នាន់ ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋ និងកេងប្រវ័ញ្ចប្រាក់រាប់ពាន់លានដុល្លារតានរយៈមូលនិធិសប្បុរសធម៌៕