(ព័រអូព្រីន)៖ វាជាគ្រោះដ៏អាក្រក់មួយសម្រាប់ប្រទេសហៃទីនៅក្នុងឆ្នាំ២០១៦នេះ ខណៈមនុស្ស១០នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ កាលពីថ្ងៃចុងសប្តាហ៍ ដែលគ្រោះធម្មជាតិនេះបានកើតមានឡើង បន្ទាប់ពី​ប្រទេសអាមេរិកកណ្តាលនេះទើបទទួលរងគ្រោះ ដោយសារព្យុះកំណាច Hurricane Matthew កាលពីខែមុន ដែលបានផ្តាច់ជីវិតមនុស្ស​រហូតដល់ទៅ១,០០០នាក់ និងមនុស្សបាត់បង់ទីជំរករាប់ម៉ឺននាក់ផ្សេងទៀត។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមមន្ត្រីឧតុនិយមហៃទីបានឲ្យដឹងថា រដូវនៃព្យុះភ្លៀងទូទាំងប្រទេសហៃទីនឹងត្រូវបញ្ចប់នៅដំណាច់ខែវិច្ឆិកា ខាងមុខនេះ​ដែលប្រទេសទាំងមូលជាពិសេស តំបន់ភាគខាងត្បូង នឹងទទួលរងនូវទឹកជំនន់ដែលបង្កឡើងដោយសារ​ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។ ក្នុងចំណោមនុស្សស្លាប់ដោយសារទឹកជំនន់ ទាំង១០នាក់នោះគឺមាន០៣នាក់ជាកុមារ ​ហើយភាគច្រើននៃមនុស្សស្លាប់ គឺស្ថិតនៅទីក្រុង Cap-Haitien ភាគខាងជើងប្រទេស។

គួរបញ្ជាក់ថារដ្ឋាភិបាលហៃទីបានចេញបំរាមមិនឲ្យប្រជាជនធ្វើការនេសាទ ឬធ្វើដំណើរតាមទូកនោះឡើយ ដោយត្រូវរង់ចាំរហូតដល់អាកាសធាតុវិល ទៅរកសភាពធម្មតាវិញ។ ដោយឡែកបណ្តាភូមិរបស់ប្រជាជនដែល​អាចនឹងត្រូវទឹកលិចលង់នោះត្រូវ បានណែនាំឲ្យធ្វើការជម្លៀសចេញ ទៅរកទីទួលសុវត្ថិភាពជាបន្ទាន់៕