(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ឬ FBI បានប្រកាសថាខ្លួននៅតែប្រកាន់ជំហរមិនប្ដឹងលោកស្រី ហ៊ីលឡារី គ្លីនតុន​ បន្ទាប់ពីការស៊ើបអង្កេតបង្ហាញថា មិនមានបទឧក្រិដ្ឋណាមួយត្រូវបានរកឃើញ ឬអាច​ដាក់បន្ទុកលើបេក្ខភាពប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យរូបនេះបានជុំវិញរឿងអាស្រូវ Email​ ដែលគេចោទថា លោកស្រីបានប្រើប្រាស់ Email ឯកជននៅអំឡុងពេលធ្វើជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងលិខិតមួយផ្ញើជូនសភាអាមេរិក, នាយក​ FBI លោក James Comey បាននិយាយថា «ក្រុមអ្នកស៊ើបអង្កេត FBI បានធ្វើការងារទំាងយប់​ទាំងថ្ងៃ ដើម្បីត្រួតពិនិត្យសារអេឡិចត្រូនិក (Email) យ៉ាងច្រើនសន្ធឹកសន្ធាប់ បានមកពីឧបករណ៍ទទួលសារមួយនៅក្នុងក្របខ័ណ្ឌ នៃការស៊ើបអង្កេតលើបទឧក្រិដ្ឋមួយផ្សេងទៀត។ ប៉ុន្តែក្នុងពេលជាមួយគ្នាយើងបានត្រួតពិនិត្យលើ Email របស់លោកស្រី គ្លីនតុន កាលពីលោកស្រីនៅជារដ្ឋមន្ត្រី ការបរទេស ហើយយើងក៏មិនបានរកឃើញបទឧក្រិដ្ឋណាមួយនោះដែរ ពោលគឺដូចគ្នាទៅនឹងអ្វីដែលយើង ធ្លាប់បានអះអាងកាលពីខែកក្កដា»។

ដោយឡែក​រឿងនេះដែរ នៅក្នុងពិធីជួបជុំអ្នកគាំទ្រនៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota បេក្ខភាព ប្រធានាធិបតិអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មិនបានបញ្ចេញប្រតិកម្មដោយផ្ទាល់នោះទេ ចំពោះការសម្រេចចិត្តរបស់ FBI ដែលមិនព្រមប្ដឹងលោកស្រី គ្លីនតុន ដោយលោកគ្រាន់តែលើកឡើងថា ហ៊ីលឡារី គ្លីន បានក្លាយជាកម្មវត្ថុនៃការស៊ើបអង្កេតជាយូរណាស់មកហើយ៕