(ហ្សាកាតា)៖ ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ី លោក Joko Widodo  បានបង្ខំចិត្តផ្អាក​ដំណើរទស្សន​កិច្ចផ្លូវរដ្ឋទៅ​កាន់ប្រទេសអូស្ត្រាលី​ហើយ នៅថ្ងៃសៅរ៍នេះ ដោយសារការតវ៉ា​ក្នុងប្រទេសកំពុង​តែ​ក្តៅគគុក ពាក់ព័ន្ធនឹងអំពើហិង្សា​ដែលបានកើតមាន​ឡើងអំឡុង​ពេល​នៃការធ្វើបាតុកម្មដ៏​ធំមួយនៅក្នុង​ទីក្រុងហ្សាកាតា នៅថ្ងៃសុក្រម្សិលមិញនេះ គឺមានអ្នកនយោបាយ​ជាអ្នកនៅពី​ក្រោយខ្នង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពី​បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី​ដើម្បីពិភាក្សាអំ​ពីការវិវត្តន៍​នៃស្ថានភាពនៃ​ការធ្វើបាតុ​កម្មទ្រង់​ទ្រាយ​ធំនេះ លោកប្រធា​នាធិបតី​បានលើក​ឡើងថា «ពួកយើងគោរព​គោលបំណង​របស់ប្រជាជនក្នុង​ការបង្កើត​បាតុកម្មដ៏ធំនេះ​ហើយអរគុណ​ពួកគេដែល​បានព្យាយាម​​រក្សា​​ក្បួន​បាតុកម្ម ឲ្យមានសណ្តាប់​និងគ្មានអំពើហិង្សា​​កើតឡើង​រហូតទាល់​តែដល់​ពេល​ព្រលប់ ប៉ុន្តែខ្ញុំពិតជាមាន​ការសោកស្តាយយ៉ាង​ក្រៃលែង​ចំពោះអ្វីដែល​បានកើត​ឡើងនាយប់​មិញនេះ ហើយពួក​យើងក៏​បាន​ដឹងថាមាន​អ្នកនយោបាយ​មួយចំនួន​កំពុងតែឆ្លៀត​ឱកាសកេង​ចំណេញពីស្ថានការណ៍​បច្ចុប្បន្ន»

ជាមួយគ្នានេះដែរ លោក Joko Widodo បានអំពាវនាវឲ្យក្រុម​អ្នកតវ៉ាទាំងអស់វិលត្រឡប់​នៅកាន់​​កន្លែងដើម​​ពួកគេរៀងៗ​ខ្លួនវិញដោយ​សន្តិវិធី និងបានដាស់​តឿនពួកគេ​កុំឲ្យធ្លាក់​ចូលក្នុងការ​ញុះញង់​ទៀតឲ្យសោះ។

គួរបញ្ជាក់ដែរថា នៅថ្ងៃសុក្រម្សិលមិញនេះ ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ៥,០០០នាក់បានប្រមូលផ្តុំគ្នានៅ​ក្នុងរដ្ឋធានី​ហ្សាការតា ដើម្បីធ្វើការតវ៉ាទាមទារ​ឲ្យ​មានការចាប់​ខ្លួនអភិបាល​នៃ​ទីក្រុងនេះគឺ​លោក Basuki Tjahaja Purnama ដែលកាន់សាសនា​គ្រិស្ត និងត្រូវបានចោទប្រកាន់​ថាបានប្រមាថសាសនា​អ៊ីស្លាម ហើយមកដល់យប់ថ្ងៃ​ដដែល​បាតុកម្មអហិង្សា​មួយនេះ ក៏បានផ្ទុះជា​អំពើហិង្សា​កើតឡើងរវាងក្រុមអ្នក​តវ៉ានិង​កម្លាំង​ប៉ូលិស ដោយភាគីប៉ូលិស​បានប្រើឧស្ម័ន​បង្ហូរទឹកភ្នែក​ និងក៏ដូច​ជាបាញ់ទឹក​យ៉ាងខ្លាំងក្លា ទើបអាចបញ្ជប់ការប៉ះ​ទង្គិចគ្នារាប់ម៉ោងនេះបាន៕