(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានចេញបញ្ជាជាផ្លូវការឲ្យ​សមត្ថកិច្ចធ្វើការចាប់ខ្លួន​នាយកប្រតិបត្តិ និងអ្នកសារព័ត៌មាន​របស់កាសែត Cumhuriyet សរុបចំនួន០៩រូប បន្ទាប់ពីបានឃាត់ខ្លួន​ជាបណ្តោះ​អាសន្ន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់ Channel News Asia ដកស្រង់ពី Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

រដ្ឋាភិបាលតួកគីបានអះអាងថាកាសែតប្រឆាំងខាងលើនេះ មានទំនោរគាំទ្រទៅលើរដ្ឋប្រហារកាលពី ថ្ងៃទី១៥ ខែកក្កដា ហើយកន្លងមកតែងតែសរសេរប្រឆាំងនឹងរដ្ឋាភិបាល ហើយគាំទ្រសហរដ្ឋ​អាមេរិក។ ជុំវិញបញ្ហានេះដែរសហភាពអឺរ៉ុបធ្លាប់បានព្រមានម្តងរួចមកហើយថា ស្ថានការណ៍នៅក្នុងប្រទេសតួកគី វាបានដើររំលងខ្សែបន្ទាត់ក្រហម​នៃសេរីភាពក្នុងការបញ្ចេញមតិទៅហើយ។

គួរបញ្ជាក់ថាសារព័ត៌មានអឺរ៉ុប នៅប៉ុន្មានថ្ងៃបន្ទាប់ពី​ការធ្វើរដ្ឋប្រហារបានចេញ​ផ្សាយថា រដ្ឋប្រហារនៅ​ក្នុងប្រទេស​តួកគីនោះ​គ្រាន់តែ​ជាឆាក​ល្ខោនរបស់​ប្រធានាធិបតី​លោក Erdogan តែប៉ុណ្ណោះ​ក៏ព្រោះតែលោកចង់​កាច់បំបាក់​ដៃជើងដ៏​គ្រោះថ្នាក់ ដែលកំពុង​ពង្រីកឥទ្ធិពល​របស់លោក Fethullah Gulen នៅពាសពេញ​ប្រទេសតួកគី និងទុកនៅតែ​អ្នក​ដែល​គាំទ្ររដ្ឋាភិបាល​​របស់លោកតែ​ប៉ុណ្ណោះ៕