(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស (MOD) បានធ្វើសេចក្តីប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួនបានចំណាយថវិកាប្រមាណ១២៥លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងមួយក្នុង​ការផលិតប្រព័ន្ធការពារស្នូល​សម្រាប់នាវាចម្បាំង Type 26 របស់កងទ័ពជើងទឹកនៃចក្រភពអង់គ្លេស។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

MOD បានឲ្យដឹងទៀតថាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតដែលត្រូវបានរចនា និងផលិតឡើង​នៅក្នុង​ចក្រភពអង់គ្លេសផ្ទាល់ដោយក្រុមហ៊ុន MBDA គឺជាអាវុធដ៏សក្តិសមបំផុត​សម្រាប់នាវាចម្បាំង​ជំនាន់ថ្មី Type 23 និង Type 26។ ជាងនេះទៅទៀត​វាប្រើប្រាស់គំនិតច្នៃប្រឌិតថ្មីនៅក្នុងបច្ចេ​វិទ្យា​​ ប្រព័ន្ធរ៉ាដា ​និងតំណភ្ជាប់ទិន្នន័យដែលធ្វើឲ្យគ្រាប់​មីស៊ីលមានភាពត្រឹម​ត្រូវជាក់​លាក់​បំផុតមានឈ្មោះថា «Sea Cepter» និងផ្តល់ជូនកងទ័ពជើងទឹកអង់គ្លេសនូវខែលដ៏មានអនុភាពមួយដើម្បីទប់ទល់នឹង​ការគំរាមកំហែងនានា​ពីដែនអាកាសដូចជាមីស៊ីលជំនាន់​ថ្មីដែលប្រឆាំង​នឹងនាវា, យន្តហោះចម្បាំង, ឧទ្ធម្ភាគចក្រ, និងយន្តហោះគ្មានអ្នកបើកជាដើម។

គួរបញ្ជាក់តាមអ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេសថាប្រព័ន្ធ Sea Cepter នឹងផ្តល់នូវភាពប្រសើរ​ឡើង​បន្ថែមទៀតទៅលើប្រព័ន្ធការពារដែនអាកាសមុនៗដូចជា ប្រព័ន្ធ Sea Wolf ជាដើម ដោយប្រព័ន្ធថ្មីនេះមានសមត្ថភាពខ្ពស់ក្នុងការទប់ទល់ឬវាយប្រហារគោលដៅច្រើនផ្សេងគ្នានៅក្នុង​រយៈចម្ងាយឆ្ងាយបានយ៉ាងមានប្រសិទ្ធភាព ហើយប្រព័ន្ធ Sea Cepter នឹងដាក់ឲ្យប្រើប្រាស់​នៅលើរាល់​​នាវាចម្បាំង Type 26 នាឆ្នាំ២០២៥ នឹងនៅលើនាវាចម្បាំង Type 23 នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ៕