(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបង្ហាញពីក្តីព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ឃុំខ្លួនសមាជិកសភា ចំនួន១១រូបរបស់គណបក្សដែលគាំ​ទ្រជនជាតិឃើដដ៏ធំជាង​គេដោយរដ្ឋាភិបាលនៃ​ប្រទេសតួកគី។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក John Kirbyបានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​មួយថានៅក្នុងកិច្ចសន្ទនាជាមួយនិងអនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសតួកគីលោក Umit Yalcin អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Tony Blinken បានឆ្លៀតឱកាសលើកឡើងពីក្តីព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅពីសំណាក់ទីក្រុងវ៉ាស៊ីនតោន​ទៅកាន់ភាគីតួកគីជុំវិញ​ថាសមាជិកសភា​នេះដោយ​បាន​និយាយថា «នៅពេលដែលអ្នកដែលកាន់លទ្ធិប្រជាធិបតេយ្យប្រើប្រាស់ទង្វើស្របច្បាប់ប្រឆាំងនឹង​តំណាងរាស្រ្តពួកគេចាំបាច់ត្រូវតែធ្វើដូច្នោះ​ទៅតាមឥរិយាបថ​ដែលពង្រឹងទំនុក​ចិត្តរបស់សាធារណជន​នៅក្នុងនីតិរដ្ឋ»។  

គួរបញ្ជាក់ដែរថាមេដឹកនាំគណបក្សប្រជាធិតេយ្យប្រជាជន HDP ទាំងពីររូបគឺលោក Selahattin Demirtas និងលោក Figen Yuksekdag ព្រមទាំងសមាជិកសភា០៩រូបផ្សេងទៀតរបស់គណបក្ស​ដែលគាំទ្រជនជាតិឃើដមួយនេះត្រូវបានកម្លាំងប៉ូលិសតួកគីចាប់ខ្លួននៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ​ ​ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើភេរវកម្ម។ ក្រោយការឃាត់ខ្លួននេះ​ក៏បណ្តាលឲ្យមានការបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងតួកគី នាំឲ្យមនុស្សស្លាប់ និងរបួសជាង១០០នាក់ ហើយរដ្ឋាភិបាលតួកគីបានទម្លាក់​កំហុសទាំងនេះទៅលើពួកពលករឃើដ PKK៕