(ហ្សាកាតា)៖ បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានាថ្ងៃសុក្រនេះ នៅក្នុងរដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូណេស៊ីដើម្បីធ្វើការតវ៉ាប្រឆាំងនឹងអភិបាលក្រុងលោក Basuki Tjahja Purnama ដែលបានប្រមាថមើលងាយព្រះគម្ពីគូរ៉ាដែលជនជាតិអ៊ីស្លាមគោរពជាទីបំផុត ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិចនារយប់ថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

បាតុកម្មដែលរៀបចំដោយរណសិរ្សការពារជនអ៊ីស្លាម FPI ត្រូវបានធ្វើឡើងក្នុងគោលបំនងដាក់សម្ពាធទៅលើអាជ្ញាធរឥណ្ឌូណេស៊ីដើម្បីនាំខ្លួនលោក Basuki Tjahja Purnama ដែលត្រូវបាន​សាធារណ​ជនស្គាល់ដោយឈ្មោះ «Ahok» ផ្សេងមួយទៀតយកទៅ​កាត់ទោស ដោយសារតែមានការចោទប្រកាន់​ថាអភិបាលក្រុង​ហ្សាកាតារូបនេះ បានប្រមាថមើល​ងាយព្រះគម្ពីគូរ៉ា ដែលជនដែលវត្ថុជាទីគោរព​របស់ជនអ៊ីស្លាម បន្ទាប់ពីបានរិះគន់ទៅគូប្រជែងរបស់​លោកដែលបានប្រើពាក្យពេចន៍​ដកស្រង់ចេញពីគម្ពីមួយនេះ មកវាយប្រហារលើរូបលោក​នៅមុនការបោះឆ្នោតជ្រើស​រើសចាហ្វាយក្រុង​ដែលនឹងប្រពឹត្តិទៅនាខែកុម្ភៈឆ្នាំ២០១៧ខាងមុខ។

អ្នកតវ៉ាម្នាក់ឈ្មោះ Muhhammad Said បាននិយាយថា «លោក Purnama មិនមែនជាជនជាតិមូស្ល៊ីមនោះឡើយ ប៉ុន្តែគាត់បែរជាហ៊ាន​ប្រមាថ​ព្រះគម្ពី​រ​ដ៏ប្រសិទ្ធនេះទៅវិញ។ កុំសំដៅទៅ​លើអ្វីមួយដែលទាក់ទងនឹងគម្ពីគូរ៉ាឲ្យសោះ ជាពិសេសកុំបកប្រែប្រាសចាកខុសពីអត្ថន័យនៅក្នុងនោះឲ្យសោះ… ខ្ញុំសូមឲ្យព្រះជាម្ចាស់ដាក់គុកជនរូបនេះ»។   

ជាមួយគ្នានេះដែរ ប៉ូលិសទីក្រុងហ្សាកាតាក៏បានបើកការស៊ើបអង្កេតទៅលើសំណុំរឿងប្រឆាំងនឹងលោក Purnama ដែលបានធ្វើការសូមអភ័យទោស​ពីជនជាតិអ៊ីស្លាម ចំពោះពាក្យសម្តីខុសឆ្គង​ដែលលោក​បាននិយាយជ្រុលជ្រួស​រួចហើយផងដែរ។ ដោយឡែក មេបញ្ជាការប៉ូលិសឥណ្ឌូណេស៊ីលោក Tito Karnavian ក៏បានអំពាវនាវឲ្យប្រជាជនជន កុំជឿការញុះញង់​តាមបណ្តាញទំនាក់ទំនង​សង្គមនានា និងបានព្រមានថានឹងធ្វើការចាប់ខ្លួនបើសិនជាក្រុមបាតុករបង្កភាពរញ៉េរញ៉ៃ ពីព្រោះថាពួកអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ ISIS អាចនឹងឆ្លៀតឱកាសដើម្បីកេងចំណេញពីស្ថានការណ៍នេះ៕