(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានយល់ព្រមផ្ដល់សញ្ជាតិរុស្ស៊ីឱ្យតារាសម្ដែងភាពយន្ត ដ៏ល្បីម្នាក់របស់សហរដ្ឋអាមេរិកគឺលោក Steven Seagal ដែលនេះមិនមែនជាលើក​ទីមួយឡើយ​ដែល លោក ពូទីន បានផ្ដល់សញ្ជាតិដល់ជនបរទេស ពោលគឺតារាសម្ដែងជនជាតិបារំាងមួយរូបគឺ លោក Gerard Depardieu និងអ្នកប្រដាល់អាមេរិក លោក Roy Jones Jr ក៏ធ្លាប់ទទួលបានសញ្ជាត្តិ​រុស្ស៊ី ពីលោក ពូទីន ផងដែរ។ នេះបើយោងតាមការចុះ​ផ្សាយរបស់សារព័ត៌មាន ABC ​News នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនំាពាក្យវិមានក្រឹមឡាំង លោក Dimitry Peskov បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា លោក Seagal​ បានរង់ចាំអស់រយៈពេលជាយូរមកហើយ ដើម្បីទទួលបានសញ្ជាតិរុស្ស៊ី។ លោក Peskov បន្តថា «លោក Seagal បានដឹងយ៉ាងច្បាស់ពីការបង្ហាញអារម្មណ៍កក់ក្ដៅចំពោះរុស្ស៊ី ហើយលោកមិនដែល មានអាថ៌កំបាំងអ្វីនោះទេ ដូច្នេះទើបគាត់សាកសមទទួលបានសញ្ជាតិរុស្ស៊ី»។

គួរបញ្ជាក់ថា ​លោក Steven Seagal មានអាយុ៦៤ឆ្នាំ បានទៅទស្សនកិច្ចនៅរុស្ស៊ីជាទៀងទាត់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនោះគឺលោកតែងតែអមដំណើរជាមួយលោក ពូទីន នៅក្នុងពិធីសំខាន់មួយចំនួន មិនតែប៉ុណ្ណោះលោកក៏បានគាំទ្រផងដែរគោលនយោបាយរបស់រុស្ស៊ី និងតែងតែ​រិះគន់សហរដ្ឋអាមេរិកចំពោះមុខរុស្ស៊ីទៀតផង៕