(វ៉ាស៊ីនតោន)៖ វិដេអូខាងក្រោមនេះបង្ហាញឲ្យឃើញពីសកម្មភាព នៃមីស៊ីលប្រដេញសម្រាប់កម្ទេច រថពាសដែកឬហៅកាត់ថា ATGM មួយគ្រាប់ផលិតនៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានបាញ់ដោយ ក្រុមរដ្ឋអ៊ីស្លាម ISIS និងហោះសំដៅទៅកម្ទេចរថពាសដែកប្រភេទ M1 Abrams ដែលត្រូវបានផលិត ដោយសហរដ្ឋអាមេរិក បណ្តាលផ្ទុះឆេះគ្មានសល់។ នេះបើតាមការចេញផ្សាយដោយគេហទំព័រអង់គ្លេស Daily Mail នៅមនុនេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកបណ្ឌិត Dan Doure អ្នកវិភាគសន្តិសុខជាតិអាមេរិក និងជានាយករងនៃវិទ្យាស្ថាន Lexington បានអះអាងថាហេតុការណ៍នេះបានបង្ហាញឲ្យឃើញថា រថពាសដែករបស់អាមេរិក បានក្លាយជាវត្ថុបុរាណ នៅក្នុងសមរភូមិនាសម័យកាលដ៏ទំនើបនេះ។ ខ្សែវីដេអូនេះមិនបានបង្ហាញពីជោគវាសនារបស់ នាយទាហានទាំងប្រាំនាក់នៅក្នុងរថពាសដែកមួយគ្រឿងនោះឡើយ ប៉ុន្តែលោក Goure បាននិយាយថា «មិនចាំបាច់មានមន្ទិលឡើយ ពីព្រោះថាពួកគេទាំងអស់មិនអាចមានផ្លូវរស់នោះទេ»

គួរបញ្ជាក់ដែរថាមីស៊ីលដែលផលិតឡើងដោយប្រទេសរុស្ស៊ីនេះមានតម្លៃ ៨៧,៥០០ដុល្លារក្នុងមួយគ្រាប់ ខណៈរថពាសដែក M1 Abrams ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៥លានដុល្លារក្នុងមួយគ្រឿង៕